អ្នកភិរម្យភាសាអ៊ូ |
|
លើកដៃទាំងគូប្រណម្យផ្ចង់ |
បង្គំព្រះពុទ្ធគ្រប់ព្រះអង្គ |
|
ព្រះធម៌ព្រះសង្ឃប្រសើរសាយ។ |
ព្រះគុណគ្រូឧជ្ឈាយាចារ្យ |
|
មាតាបិតាបង្កើតកាយ |
បង្កើតប្រាជ្ញាថ្លាវែងឆ្ងាយ |
|
ខ្ញុំសូមអធិប្បាយចែកពាក្យជូន។ |
ព្រះពុទ្ធសករាជព្រះសាសនា |
|
អតិកន្តាកន្លងធួន |
ពីរពាន់បួនរយចិតសឹបបួន |
|
ជួនខែនិងថ្ងៃគ្មានកន្លង ។ |
ដើមឆ្នាំមមែក្នុងត្រីស័ក |
|
ពិសាខភ្លៀងធ្លាក់កាត់ទឹកម្តង |
មួយរោចថ្ងៃសៅរ៍កើតសៅហ្មង |
|
លឺពាក្យអ្នកផងទាស់ទែងគ្នា ។ |
មិនបានកាប់ចាក់ដល់បាក់បែក |
|
ថ្ងៃនេះជជែកថ្ងៃស្អែកជា |
ចាក់ដោតរាលរោលពោលពណ៌នា |
|
និន្ទាដៀលត្មះចាស់បុរាណ ។ |
ពួកចាស់ដៀលត្មះអ្នកប្រាជ្ញថ្មី |
|
រឿងធម៌បាលីស្តីប្រមាណ |
ប្រមាថទៅមកមិនឈប់ខាន |
|
ហាមប្រាមមិនបានមិនបាត់មាត់។ |
ព្រះធម៌ព្រះពុទ្ធតែមួយអង្គ |
|
លោកសង្ឃបួសរៀនមានដោយវត្ត |
សង្ឃខ្លះចេះស្ទើរមិនចាំស្អាត់ |
|
ភ្លើៗសូត្រភ្លាត់មិនត្រូវខ្យល់។ |
គេចាប់ថាខុសប្រកាន់ខឹង |
|
មិនដឹងថាខ្លួនរៀនមិនដល់ |
មិនដែលសួរគេព្រោះមិនឆ្ងល់ |
|
សំគាល់ថាខ្លួនត្រូវមិនខុស។ |
អ្នកប្រាជ្ញលោកសូត្រចំបាលី |
|
ថាគេធម៌ថ្មីស្តីបន្តុះ |
បន្ទោសទៅមកឆ្លើយឆ្លងឈ្លោះ |
|
មិនព្រមចំណុះខុសចំណាំ ។ |
ចំណែកចំណេះចេះរាល់ខ្លួន |
|
បារាជិកបួនវិន័យប្រាំ |
មហាវគ្កចុល្លវគ្គអាទិកម្ម |
|
ព្រះអង្គគ្មានផ្តាំឲ្យឈ្លោះគ្នា។ |
ផ្តាំឲ្យតែកាន់សិក្ខាបទ |
|
អ្នកបួសរាល់វត្តត្រូវសាមគ្គា |
ព្រះពុទ្ធរូបរាល់វិហារ |
|
វន្ទាគោរពរាល់យប់ថ្ងៃ។ |
នមស្ការបង្គំធម៌បីបទ |
|
សូត្រហបមាត់នឿយជើងដៃ |
មិនដឹងប្រាកដរតនត្រៃ |
|
មិនចេះសង្ស័យសួរអ្នកណា។ |
អ្នកប្រាជ្ញលោកសូត្រចំបាលី |
|
ប្រែចេញសេចក្តីឲ្យពិស្តារ |
អ្នកខ្លៅមិនស្តាប់តាមពុទ្ធដិកា |
|
គេថាខ្លួនខុសប្រកាន់ខឹង ។ |
ធម៌សម្ពុទ្ធេសូត្រលាន់ៗ |
|
ព្រះពុទ្ធរយពាន់ខ្លះមិនដឹង |
ជឿជាក់ថាចេះចប់ប៉ុណ្ណឹង |
|
មិនប្រឹងរៀនប្រែបកបរិយាយ។ |
ចេះហើយមិនដឹងថាខ្លួនខុស |
|
មិនព្រមចំណុះអ្នកប្រាជ្ញប្រាយ |
បាលីច្រលំពាក្យនិស្រាយ |
|
នឹកស្តាយបែបចាស់មិនផ្លាស់ចេញ។ |
គេថាសូត្រធម៌មិនចេះប្រែ |
|
បានបុណ្យខ្លះដែរតែមិនពេញ |
បើចេះប្រែផងបានចំណេញ |
|
ខ្លួនរិតទន្ទេញតែបែបចាស់។ |
ចចេសទទឹងរឹងជជែក |
|
ប្រកឹងប្រកែកប្រកួតម្នះ |
ម្នៅៗសត្រូវនឹងធម៌ព្រះ |
|
ជាតិក្រោយក្រលាស់ជាល្ងង់ខ្លៅ។ |
មានកាលត្រលប់ជាគថ្លង់ |
|
មម៉េងមម៉ង់ឆ្កួតមួម៉ៅ |
ពីព្រោះមិនស្តាប់ប្រាជ្ញប្រដៅ |
|
ហ្នឹងហៅចេះហើយមិនប្រសប់។ |
ប្រសិនបើឱនខ្លួនខ្លបខ្លាច |
|
អ្នកប្រាជ្ញកាលណាលោកនឹងស្អប់ |
ធម៌អាថិអ្នកណានឹងចេះចប់ |
|
កុំកាន់ទំលាប់ទំលោយខ្លួន។ |
ទំលាក់ឲ្យទាបសុភាពវ័យ |
|
ព្រះសូត្រវិន័យធំជាងក្បួន |
ព្រះអភិធម្មជាមាំបួន |
|
នេះហើយប្រធួនគួររៀនទៀត។ |
ពាក្យពីបុរាណជាពាក្យងាយ |
|
ពាក្យក្បួនទូលាយស្រណុកជ្រៀត |
ឯពាក្យគម្ពីរទីចង្អៀត |
|
គួរឆ្លៀតជ្រើសរកយកឲ្យបាន។ |
ឲ្យបែកគំនិតគិតច្រើនផ្លូវ |
|
មួយខុសមួយត្រូវជាពីរស្ថាន |
គេប្រាប់ថាខុសគួរឈប់ខាន |
|
ឃើញត្រូវប៉ុន្មានប្រមូលយក។ |
ព្រះឱស្ឋព្រះអង្គទ្រង់ទេសនា |
|
អ្នកប្រាជ្ញចែងចារចងទុកមក |
ព្រះសូត្រវិន័យលោកលៃលក |
|
ប្រែសព្ទសៀតស៊កច្រើនប្រការ |
ពាក្យពិតប្រាកដបទបាលី |
|
ប្រែចេញសេចក្តីឃើញពិស្តារ |
គួរស្តាប់ឲ្យស្តែងសិនកុំថា |
|
កុំអាងតំរាតំរាប់ចាស់។ |
តំរាយបុរាណយូរអង្វែង |
|
មិនលែងច្រលំមានលើសខ្វះ |
អ្នកប្រាជ្ញជំនុំឃើញខុសណាស់ |
|
ចោលខ្លះទុកខ្លះដោយពិស្តារ។ |
យ៉ាងធម៌«តិរោក»ពីបុរាណ |
|
មិនដឹងជាបានពីគ្រូណា |
សូត្រលាយចំរុះខុសអក្ខរា |
|
មិនបានជាការប្រយោជន៍អ្វី។ |
អ្នកប្រាជ្ញឃើញខុសច្រើនអន្លើ |
|
រុះរើរៀបចំផ្សំបាលី |
អ្នកខ្លៅហៅធម៌តិរោកថ្មី |
|
សម្តីបែបឡកចំអកខឹង។ |
សង្ខេបរឿងសូទ្រធម៌ត្រូវខុស |
|
កូនចៅប្រុសៗគួរខំប្រឹង |
ប្របរកអ្នកប្រាជ្ញប្រិតឲ្យដឹង |
|
សំលឹងអក្ខរាឲ្យប្រាកដ។ |
ប្រការមួយទៀតចាស់ជាន់មុន |
|
ធ្វើបុណ្យអភិសេកបែកច្រើនបទ |
ច្រើនបែបរាប់អានគ្មានកំណត់ |
|
សន្មតថាធ្វើតាមបុរាណ។ |
អាចារ្យមួយប៉ែកអភិសេកខ្ជិល |
|
បង្វិលពពិលរំពេចបាន |
អាចារ្យមួយថាធ្វើតាមបាន |
|
លំអានគម្ពីរបឋមត្រាស់។ |
ទេសទសជាតកចប់អភិសេក |
|
ព្រឹកស្អែករៀបចំមធុបាយាស |
មានមារលើកពលច្បាំងដេរដាស |
|
ធ្វើច្រាសត្រលប់ក្រោយជាមុន។ |
បើធ្វើឲ្យត្រូវតាមសាស្រ្តា |
|
នាងនាថសុជាតាគេមានគុណ |
ថ្វាយមធុបាយាសព្រះមានបុណ្យ |
|
និមន្តទៅផ្សងបីដងត្រាស់។ |
ទេវតាផ្អើលចុះពេញផែនដី |
|
គ្រប់ទិសប្រាំបីមីរដេរដាស |
កក្រើកញាប់ញ័រទាំងអាកាស |
|
អរណាស់ថ្វាយសព្ទសាធុការ។ |
ហេតុនេះអ្នកចេះចាំនិទាន |
|
ធ្វើរោងធ្វើរានថ្វាយទេវតា |
អ្នកប្រាជ្ញចេះថ្មីស្រដីថា |
|
អាចារ្យនាំធ្វើខាតប្រយោជន៍។ |
អាកាសទេវតានៅស្ថានខ្ពស់ |
|
គេខ្ពើមជាមនុស្សក្លិនអសោច |
ឧស្សាហ៍ដាក់នំឲ្យហិចហោច |
|
ចំណេញស្រមោចចោមរោមស៊ី |
អាចារ្យមួយទៀតចេះរៀបចំ |
|
ប្រណម្យសំពះក្រុងពាលី |
ព្រះអិសូរព្រះនារាយណ៍មានរិទ្ធី |
|
ពេញទីចោលត្រៃសរណគមន៍។ |
ចំណីចំណែកចែកដាក់ពែ |
|
ចំណេញបានឆ្កែវាស៊ីនំ |
នាងហ៊ីងធរណីថាជាធំ |
|
សូមសុំទឹកដីសាងកុសល។ |
អាចារ្យជាន់ចាស់ដោះសង្ស័យ |
|
ថារតនត្រៃគេតំកល់ |
តំកើងលើកឡើងជាដើមផល |
|
ប្តឹងដល់ទេវតាជាសាក្សី។ |
សង្ខារិករលឹកគុណ |
|
ធ្វើបុណ្យអភិសេកព្រះពុទ្ធថ្មី |
បូជាភ្ញីផ្កាស្លាបារី |
|
គ្រប់ទិសប្រាំបីសឹងឲ្យមាន។ |
អភិសេកព្រះពុទ្ធតាំងកសាង |
|
តំណាងព្រះពុទ្ធដ៏ទ្រង់ញាណ |
រំលឹកទេវតាជាប្រធាន |
|
ប្រាថ្នានិពា្វនស្ថានផុតទុក្ខ ។ |
ថាបើទេវតាខ្ពើមចំណី |
|
ស្អប់ស្លាបារីមិនចង់ជក់ |
បិសាចភ្លើៗមិនលែងភ្លក់ |
|
អារុក្ខទេវតាមិនលែងសោយ។ |
នំនែកចំណីឆ្អែតស្កប់ស្កល់ |
|
សេសសល់បានប្រេតគ្នាស៊ីក្រោយ |
ស៊ីគ្រាន់រួចរស់ព្រោះគេឲ្យ |
|
បានដោយមគ្គផលកុសលដារ ។ |
លោកសូត្រតិរោកតែរាល់ព្រឹក |
|
យំកិញ្ចិច្រូចទឹកថែមយថា |
បញ្ជូនអានិសង្សដល់ដូនតា |
|
ប្រាថ្នាដូចម្តេចក៏សឹងបាន។ |
ក្រែងដូនតាណាទៅជាប្រេត |
|
រឺមួយអណ្តែតជាតិរច្ឆាន |
លើសខ្វះប៉ុណ្ណោះខុសប៉ុន្មាន |
|
រាប់អានទេវតាប្រាថ្នាសុខ។ |
ថាបើទេវតាមិនព្រមសោយ |
|
កុំឲ្យខុសចុះនរក |
នរូកើតភាន់ផុតក្នុងភក់ |
|
វីវក់ក្នុងវាលវដ្តសង្សារ។ |
មិនដាច់សង្ស័យដូចអរហត្ត |
|
លោកកាត់កាមគុណនិងតណ្ហា |
ត្រង់ភ្លឹងមិនងាកពឹងទេវតា |
|
ប្រាថ្នានិញ្វនគ្មានត្រលប់ ។ |
ឃើញឆ្លងមិនផុតភពទាំងបី |
|
ធម៌អាថិបាលីចេះមិនចប់ |
មិនចោលសីល៥កម្មបទ១០ |
|
រាវរៀបឲ្យសព្វកុំឲ្យសល់ |
សម្បត្តិសួគ៌សុខកើតពីទាន |
|
ឈោងយកនិញ្វនឈានមិនដល់ |
មិនដើរហួសសោតាមគ្គផល |
|
តម្កល់និញ្វនទុកដោយឡែក ។ |
នេះចប់ចំលើយអ្នកប្រាជ្ញចាស់ |
|
ប្រាជ្ញថ្មីចង់ឈ្នះប្រឹងប្រកែក |
ប្រាកដនិញ្វនជាស្ថានឯក |
|
ចំណែកសោតាក្នុងតែបាន។ |
ជ្រះថ្លាធ្វើបុណ្យក៏ធ្វើចុះ |
|
ទានណាខាតខុសត្រូវឲ្យខាន |
អារុក្ខអារក្ខកុំរាប់អាន |
|
ជាស្ថានទាបថោករកធ្វើអ្វី ។ |
សង្ខេបរឿងសូត្រធម៌ត្រូវខុស |
|
កូនចៅស្តាប់ចុះទាំងប្រុសស្រី |
អ្នកប្រាជ្ញពួកចាស់និងពួកថ្មី |
|
គប្បីចូលចិត្តជឿពួកណា។ |
បើរឿងសូត្រធម៌អាថិបាលី |
|
គួរចូលប្រាជ្ញថ្មីខំសិក្សា |
ប្រយោគប្រធានមានមាត្រា |
|
រាជការបានធីប្រឡងជាប់ ។ |
ប្រាជ្ញចាស់ជាន់មុនធ្វើបុណ្យទាន |
|
ធ្វើរានទេវតាដោយសារធ្លាប់ |
អ្នកឆោតល្ងង់ខ្លៅគ្នាខ្លាចងាប់ |
|
អាចារ្យបង្គប់គ្នាធ្វើទៅ ។ |
បើបែរជាខានមិនបានសុខ |
|
មិនបានធ្លាក់ចុះនរកជ្រៅ |
បើធ្វើទេវតាមិនជ្រកនៅ |
|
ស្ថានគេសន្ធៅសន្ធឹងហោះ ។ |
ហេតុនេះគួរគិតគូររំពឹង |
|
ជញ្ជឹងកុំឲ្យសល់ចន្លោះ |
ចាស់មុនមានគុណរាប់មិនអស់ |
|
មិនឲ្យចោលសោះក៏មិនបាន។ |
គួរគិតឲ្យសព្វគ្រប់អន្លើ |
|
គួរធ្វើរឺគួរបង្អង់ខាន |
បើធ្វើមិនខាតបង់ប៉ុន្មាន |
|
បើខានក៏គ្មានទោសទាស់អ្វី។ |
ប៉ុន្តែមិនបាត់ពាក្យចាក់ដោត |
|
ដ្បិតមនុស្សច្រើនឆោតទាំងប្រុសស្រី |
ពោលថាធ្វើបុណ្យតាមប្រាជ្ញថ្មី |
|
អាយុថយខ្លីជាងដូនតា ។ |
ពាក្យនេះសង្ខេបស្លេះមួយប៉ែក |
|
មានឈ្លោះប្រកែកច្រើនប្រការ |
មិនចាំប្រាកដគម្ពីរណា |
|
ពោលថាទឹកដីនេះគ្មានគុណ ។ |
អ្នកប្រាជ្ញនាំឲ្យអ្នកខ្លៅឆ្ងល់ |
|
សាយសុសសួរដល់ពួកអ្នកមុន |
អ្នកមួយរេរារង់រែកពុន |
|
មិនទាន់ចូលស៊ុនស៊ប់ម្ខាងៗ។ |
អ្នកក្រោយបណ្តោយសូរអ្នកមុន |
|
ថាដីមានគុណប៉ុន្មានយ៉ាង |
សំគាល់គោលអ្វីជាតីតតាង |
|
មានរាងឃើញក្នុងគម្ពីរណា។ |
រុកម្ខាងថាអាងនគរកាយ |
|
បរមត្ថអធិប្បាយក្នុងសាស្រ្តា |
ធាតុទឹកតួ ន អង្គអក្ខរា |
|
ជាគុណមាតាពីរដណ្តប់។ |
ធាតុទឹករំលឹកពីសេម្ហំ |
|
វកំ យកនំ រហូតចប់ |
ធាតុដី កេសា មសំ សព្វ |
|
បញ្ចប់ បិត្តំ គុណបិតា ។ |
អ្នកចេះបិដកឆ្លើយបីដង |
|
ថានោះជាកងពួកកេសា |
ហៅធម៌អាច់នោមក៏ល្អើមល្អា |
|
អ្នកណារំលឹកគ្មានប្រយោជន៍។ |
អ្នកមួយថាភាវនាកុំឈប់ |
|
ជាទីអសុភផ្លូវអសោច |
អសារឥតការស្លាប់ជាខ្មោច |
|
គេដុតឆេះខ្លោចគ្មានខ្លឹមសារ។ |
គួរគិតកុំស្តាយកុំស្រណោះ |
|
រូបរាងទាំងអស់ជាអនិច្ចា |
អនិច្ចំមិនទៀងល្អៀងសង្ខារ |
|
សង្ឃឹមរូបានេះមិនបាន។ |
សរសៃរសាច់ស្បែកសង្គេគគ្រប់ |
|
ជាសាកអសុភកម្មដ្ឋាន |
របស់ខាងក្នុងទាំងប៉ុន្មាន |
|
មុខជាមិនខានរលាយបាត់ ។ |
ទឹកដីខាងក្រៅក៏មានគុណ |
|
ព្រោះដីកើតមុនទើបកើតសត្វ |
កើតសព្វរូបកាយអធិប្បាយកាត់ |
|
លើកឡាត់លះឃ្លាឲ្យយ៉ាងខ្លី។ |
គម្ពីរត្រៃវេទដើមសាសនា |
|
ត្រៃយុតត្រៃតាគ្រប់ជាបី |
ព្រះពុទ្ធចេញសាងអាងទឹកដី |
|
សន្សំបារមីក្នុងភទ្ទកប្ប។ |
ភទ្ទកប្បនេះមានព្រះពុទ្ធ៥ |
|
បានរៀនចេះចាំជាសណ្តាប់ |
សំដែងថាចុះនរកមួយកប្ប |
|
លោកប្រាប់ថាជេរព្រោះទឹកដី។ |
អ្នកម្ខាងថាអាងរៀនសាស្រ្តា |
|
ប្រែអស់គាថាបទបាលី |
ព្រះពុទ្ធទតគ្រប់ភពទាំងបី |
|
ត្រង់គុណទឹកដីមិនឃើញមាន។ |
កេសាអក្ខរាទាំង៥គូ |
|
មិនគួរបើយកមកសន្និដ្ឋាន |
យើងចេះដឹងដែរតែមិនហ៊ាន |
|
ដូចពោលបំពានហួសពុទ្ធដិកា។ |
ពាក្យនេះអ្នកខ្លៅកើតសង្ស័យ |
|
សព្វថ្ងៃនៅក្នុងឧេក្ខា |
មិនទាន់ដាច់សេ្រចទៅខាងណា |
|
មិនឃើញពិស្តារស្តាប់មិនបាន ។ |
ម្យ៉ាងទៀតប្រាជ្ញថ្មីស្តីដៀលត្មះ |
|
ចង្ហាន់ថ្វាយព្រះថាឲ្យខាន |
ដ្បិតព្រះមិនឆាន់នៅពេញចាន |
|
របស់ប៉ុន្មានបានអាចារ្យ។ |
របៀបរាប់បាតមានកន្ទោង |
|
១ឈេង២ឈោងហៅបាយដារ |
បាយដាក់ហ្នឹងតើឲ្យអ្នកណា |
|
អសារឥតការឥតប្រយោជន៍។ |
ព្រះពុទ្ធមិនឆាន់មិនចេះស្តី |
|
យើងអាងបាលីឧទ្ទិសដល់ |
តម្លើងចង្ហាន់លើកតំកល់ |
|
សេសសល់ប្រគេននេនសាមណេរ |
សមណៈបួសរៀនមានសីលដប់ |
|
ប្រសប់ប្រសើរគ្រាន់បើដែរ |
បញ្ចូនមគ្គផលដល់ឪម៉ែ |
|
បង្វែរឧទ្ទិសតាមប្រាថ្នា។ |
អ្នករេគំនិតគិតគៃកាញ់ |
|
ចូលបទកំណាញ់ក្រៅតំរា |
ទុកស៊ីមាត់ឯងឲ្យឆ្ងាញ់ពិសា |
|
ខ្លាចបានអាចារ្យស៊ីខាតទុន។ |
អ្នកម្ខាងថាអាងដាក់ឲ្យប្រេត |
|
ដោយហេតុគ្នាឃ្លានគ្នាហិនហោច |
គ្នាស៊ីខ្ទុះឈាមក្លិនអសោច |
|
បិចបោចចែកទានគ្នាស៊ីផង។ |
ប្រេតត្រូវជាញាតិធម៌តិរោក |
|
គ្នាបានងើបមកព្រោះគេផ្សង |
បានស៊ីដោយសារដារម្តងៗ |
|
បានដូចបំណងបំណាច់នឹក។ |
ចង្ហាន់ថ្វាយព្រះត្រូវបូជា |
|
អាចារ្យវន្ទាសូត្ររំលឹក |
ព្រះពុទ្ធមានគុណមុនលោកភិក្ខុ៍ |
|
បាយទឹកជាទានមានមគ្គផល។ |
ម្យ៉ាងទៀតប្រាជ្ញថ្មីស្រដីផ្តាច់ |
|
ថាពូនភ្នំខ្សាច់មិនបានបុណ្យ |
ជីកដីលៀនភ្នែករែកត្រុន |
|
ដឹងបានជាគុណប្រយោជន៍អ្វី ។ |
នាំគ្នាអុជធូបហែទក្សិណ |
|
អាចារ្យនោះឆ្អិនខាងបាលី |
ហើយមានចេះធម៌បំបួសដី |
|
មិនដឹងជាដីឆ្លើយថាម្តេច។ |
អ្នកមួយថាពូនភ្នំខ្សាច់ស្អាង |
|
តំណាងចេតិយព្រះសរពេជ្ញ |
ព្រះសាររីរឹកធាតុយើងមិនភ្លេច |
|
ដ្បិតបុណ្យយើងតិចទៅមិនដល់។ |
បើធ្វើដោយវាលកណ្តាលថ្ងៃ |
|
គង់ជាប់និស្ស័យបានកុសល |
បើដើមពោធិ៍ពិតរឹតបានផល |
|
តំកល់ដើមពោធិ៍យកជាម្លប់។ |
ពូនភ្នំតំកើងពោធិព្រឹក្ស |
|
រលឹកដល់អង្គព្រះចមភព |
ច្រក្តារ៤ផ្ទាំងបង្ខាំងផ្ទប់ |
|
កុំឲ្យកំពប់ហៀរហូរដី ។ |
បើចេះរំលឹកបានបុណ្យណាស់ |
|
ជឿចុះប្រាជ្ញចាស់កុំជឿថ្មី |
ប្រាជ្ញចាស់ក៏ចេះប្រែបាលី |
|
បរលោកលោកិយក៏ចាស់ដឹង ។ |
ចាស់ម្យ៉ាងចាស់ពិតគំនិតពាល |
|
ចាក់ដោតរោលរាលនាំក្មេងខឹង |
ចាស់ម្យ៉ាងផឹកស្រាក្លាស្រវឹង |
|
ចាស់ហ្នឹងហៅក្មេងក៏សឹងបាន។ |
ចាស់ជាន់ពីមុនច្រើនខ្លាចច្បាប់ |
|
ធ្វើតាមតំរាប់ចាស់បុរាណ |
បុរីនគរធ្លាប់រាប់អាន |
|
តែខានខ្លាចខុសក្បួនតំរា។ |
ច្រើនជឿតំរាប់ក្បួនលោកិយ |
|
មានកូនប្រុសស្រីត្រូវរៀបការ |
សំលាប់ជ្រូកមាន់ស៊ីហ៊ឺហា |
|
ផឹកស្រាលៀនភ្នែកជជែកឈ្លោះ |
បណ្តោយឲ្យយកគ្នាទទេ |
|
មេបាធ្វើគេក្រែងមិនរស់ |
នាំកូនសែនខ្មោចអសោចឈ្មោះ |
|
ពីព្រោះមានប្តីមិនរៀបការ។ |
រៀបកិច្ចមង្គលមានច្រើនយ៉ាង |
|
ពួកចាស់ច្រើនអាងក្បួនតំរា |
បើតាមតំរាយព្រះសូត្រថា |
|
មេបានាំកូនចុះនរក ។ |
បុត្តទារស្ស សង្គហោ |
|
ហីនោ គាមោ ធម៌អ្នកស្រុក |
សង្រ្គោះកូនផុងទៅក្នុងភក់ |
|
ហ្នឹងហៅអាពុកពន្លិចកូន។ |
បើធ្វើមង្គលឲ្យរួចបាប |
|
រួចពៀរដរាបអស់តាដូន |
មង្គលយ៉ាងល្អបរិសុទ្ធសូន្យ |
|
ប្រមូលបងប្អូនស៊ីម្លូស្លា។ |
ជ្រូកមាន់កុំបាច់សំលាប់ |
|
តៃសាកមានស្រាប់ទិញពីផ្សារ |
ផ្សំកូនប្រុសស្រីតាមមេបា |
|
អាចារ្យប្រមូលអស់ចាស់ទុំ។ |
ប្រុសស្រីអង្គុយកាន់ពពិល |
|
បង្វិលប្រាំបួនដណ្តប់ជុំ |
ធ្វើកិច្ចមង្គលក្នុងជំនុំ |
|
ផ្សំផ្គុំកូនប្រុសនិងកូនស្រី ។ |
ចាស់ៗធ្វើច្រើនធ្វើក្នុងឆោត |
|
ចង់ឲ្យគេកោតនាលោកីយ |
យើងធ្វើយាងតិចត្រលេចខ្លី |
|
បានប្តីប្រពន្ធដូចៗគ្នា ។ |
ហៅកូនសង្រ្គោះម្តាយឪពុក |
|
រួចទោសរួចទុក្ខអស់មីងមា |
អាពុកសង្រ្គោះគ្មានវេរា |
|
អាវាហ៍វិវាហមង្គល។ |
មិនគួរបង្គាប់ឲ្យកោរជុក |
|
ហេតុម្តាយអាពុកនាំរវល់ |
អាចារ្យតែងក្បួនឲ្យអំពល់ |
|
ពន្យល់អ្នកល្ងង់ឲ្យបង់ទ្រព្យ។ |
អ្នកខ្ជិលគេជឿសីលមាំមួន |
|
ពាក្យក្បួនតំរាគេមិនរាប់ |
គេថាមិនរស់ពីព្រោះធ្លាប់ |
|
មិនងាប់ពីព្រោះមិនធ្វើធ្មេញ ។ |
យ៉ាងដូចចិនយួននៅដាក់ផ្សារ |
|
ស្រុកស្រែចំការក្រុងភ្នំពេញ |
កើតឡើងដុះសក់មិនកោរវិញ |
|
រវល់ដូរទិញអង្គុយលក់ ។ |
ប៉ុន្តែជាតិចិនល្មោភស៊ីសាច់ |
|
តមដាច់មិនដែលស៊ីប្រហ៊ក់ |
ខែ្មរៗប្រហែលខ្វះម្ទេសជ្រក់ |
|
ទូលស្រូវកន្ទក់ទៅដូរចិន ។ |
ហេតុតែជាខែ្មរសម្បុរខ្មៅ |
|
គំនិតគិតឆៅមិនសូវឆ្អិន |
រកស៊ីមិនឆ្អែតជឿចែសិន |
|
អាចឹកវាកិនទារទាល់បាន ។ |
១កើតអស្សុជសំលាប់មាន់ |
|
ចំអិនគ្រប់គ្រាន់ដួសដាក់ចាន |
រៀបសែនព្រះភូមិតាមបុរាណ |
|
ថាខានខុសក្បួនប្រពៃណី ។ |
ហ្នឹងហៅចាស់ឆោតនាំក្មេងព្រើល |
|
ហែកមាត់មាន់មើលចង្កាពីរ |
អាដែងព្រះភូមិមានឈ្មោលញី |
|
ថាសែនរកស៊ីបានផលស្រូវ។ |
មានជូនដូនតាទៅស្រុកប្រេត |
|
បណ្តែតសំបានច្រានសំពៅ |
សំពះអារក្ខជូរខាងឪ |
|
ខាងម៉ែក៏ត្រូវមិនសូវខុស។ |
ថ្វាយចេកថ្វាយស្រាជារង្វាន់ |
|
ខ្មោចចូលជិះជាន់រូបស្រីប្រុស |
កូនចៅអើយជឿពុទ្ធដិកាចុះ |
|
រូបស្លាប់ពីព្រោះតែផលកម្ម។ |
រូបសុខដោយសារតែផលបុណ្យ |
|
កាលជាតិពីមុនខ្ជាប់សីល៥ |
ជាតិនេះអាយុអង្វែងឆ្នាំ |
|
កូនចៅអ្នកចាំជឿឲ្យជាក់។ |
ឲ្យពិចារណាចិត្តឯង |
|
ស្តាប់ធម៌ម្តងៗគួរឲ្យភ្ញាក់ |
កុំផ្ញើរូបកាយនឹងអារក្ខ |
|
ក្រែងធ្លាក់ទៅក្នុងចតុរាបាយ។ |
បើចង់អាយុវែងយឺនយូរ |
|
គោរពគុណគ្រូអាពុកម្តាយ |
បើចង់រកស៊ីសុខសប្បាយ |
|
ផ្ញើកាយនឹងគុណរតនត្រៃ។ |
នមស្ការបង្គំពេលល្ងាចព្រឹក |
|
ភាវនារំលឹករាល់យប់ថ្ងៃ |
កុំថាធម៌ណាថោកណាថ្លៃ |
|
សង្ស័យត្រូវសួររាជបណ្ឌិត។ |
កុំឲ្យមន្ទិលធម៌ថ្មីចាស់ |
|
មួយធម៌ក្រដាសមួយធម៌ស្លឹករិត |
រាជការជំនុំរួមគំនិត |
|
រិះគិតតំកើងព្រះសាសនា។ |
តំកល់សីលប្រាំសីលប្រាំបី |
|
ឲ្យមនុស្សប្រុសស្រីរួមរក្សា |
ផ្ទាត់ផ្ទៀងខ្លាចល្អៀងព្រះពុទ្ធដីកា |
|
ពិនិត្យអក្ខរាយកត្រឹមត្រូវ។ |
ជំនុំបោះពុម្ពដាក់ក្រដាស |
|
ជាការរហ័សធ្វើសៀវភៅ |
ឲ្យមានសូត្ររៀនច្រើនតទៅ |
|
ទុកនៅជាកេរ្តិ៍អង្វែងឆ្ងាយ។ |
សព្វថ្ងៃអ្នកខ្លៅស្អប់អ្នកប្រាជ្ញ |
|
ពោលខ្លាំងគិតខ្លាចលឺសុសសាយ |
ថាធម៌សៀវភៅធម៌ក្លែងក្លាយ |
|
អធិប្បាយខ្សឹបៗតែគ្នាឯង។ |
ឲ្យស្ងៀមពីថ្ងៃនេះតទៅ |
|
ឯធម៌សៀវភៅផែនដីតែង |
មិនមានអ្នកប្រាជ្ញណាហ៊ានក្លែង |
|
ខ្លាចក្រែងរាជការចាប់ដាក់គុក។ |
គម្ពីរស្លឹករឹតជាគំរូ |
|
តំកល់ក្នុងទូចាក់សោទុក |
គម្ពីរសៀវភៅប្រើគ្រប់មុខ |
|
ទំនុកបំរុងក្នុងសាសនា។ |
ចាស់ៗជាន់មុនមានគំនិត |
|
គម្ពីរស្លឹករឹតជួលគេចារ |
ពុំនោះជាវគេដោយជ្រះថ្លា |
|
ច្រើនមានប្រាជ្ញាតិចអ្នកចេះ។ |
សង្ខេបបទបែបរឿងប្រដៅ |
|
ទូន្មានអ្នកខ្លៅឈប់ទុកស្លេះ |
សុំកើតអ្នកប្រាជ្ញមានតំរិះ |
|
កុំតិះដៀលត្មះចាស់ជាន់មុន។ |
កុំថាចាស់ល្ងិតល្ងង់ល្ងីល្ងើ |
|
ក្រែងពារទៅលើអ្នកមានគុណ |
កុំពោលថាចាស់ថយថោកធុន |
|
ក្រែងស៊ុនទៅលើគ្រូអាត្មា។ |
ដ្បិតសិស្សនិងគ្រូមិនអ្នកក្រៅ |
|
ជាក្មួយជាចៅជាជីតា |
ជាសាច់ខាងមាតារឺបិតា |
|
ជាកម្មវាចាខ្លះជាបង។ |
ខ្លះត្រូវជាធំខ្លះត្រូវជាមា |
|
ជាគ្រូឧជ្ឈាយ៍បំបួសផង |
ប្រដៅសព្វថ្ងៃវាយម្តងៗ |
|
ព្រោះលោកបំណងចង់ឲ្យចេះ |
ដល់ខ្លួនរៀនចាំជាក់បាលី |
|
ឡើងពាក្យសំដីអាងតំរិះ |
តំរូវខាងណោះខុសខាងណេះ |
|
ដៀលតិះថាគ្រូខ្លួនឯងល្ងង់។ |
លោកគ្រូមិនដឹងប្រឹងតែអរ |
|
ខំផ្ញើអង្ករបាវការុង |
ស្ករក្អមស្ករស្រាក់លាក់មិនគង់ |
|
ចង់ផ្ញើពូជពង្សល្បីកេរ្តិ៍ឈ្មោះ។ |
ខ្លួនចេះបន្តិចកំប៉ិចឡើង |
|
ចចើងចចេសជជែកឈ្លោះ |
ចេះកប់ពពកយកកំពស់ |
|
បន្តុះបន្ទន់គុណទាបទៅ។ |
បើចិត្តចង់ធំកុំចចើង |
|
គួរលើកតំកើងគុណទុកនៅ |
ទោសនោះធ្លាក់ចុះនរកជ្រៅ |
|
ម្នៅៗឲ្យបាបពីព្រោះមាត់។ |
ព្រោះមាននិទានពុទ្ធឃោសា |
|
អាងចេះសាស្រ្តាគម្ពីរស្ទាត់ |
ថាចេះលើសគ្រូៗបំភ្លាត់ |
|
បំប្លេងកំចាត់ឲ្យទណ្ឌកម្ម។ |
ប្រដូចនិទានតែប៉ុណ្ណេះ |
|
អស់លោកក៏ចេះបានរៀនចាំ |
ផ្តួចផ្តើមមួយឃ្លាជាពាក្យផ្តាំ |
|
ដូចមានចំណាំចំណោទជួន។ |
ទំនុកបុរាណមានប្រាជ្ញា |
|
ចេះចែងបញ្ហាសាស្រ្តាក្បួន |
ទុកឲ្យអ្នកក្រោយដោះសំនួន |
|
បើគិតឲ្យមួនគួរមានភ័យ។ |
ចំណោទថាសត្វបរោខោ |
|
អង្គុយមែកឈើស៊ីផ្លែជ្រៃ |
បុរសខុសជ្រុលគ្មានលក់ព្នៃ |
|
បង់គោក្របីទាំងមេកូន។ |
បុរសម្នាក់ទៀតឡើងដើមឈើ |
|
បេះផ្លែខាងលើចែកបងប្អូន |
ស៊ីឆ្អែតបន្តិចភ្លេចគល់សូន្យ |
|
បុរសម្នាក់បានកូនភ្លេចគុណម្តាយ។ |
ចំណោទទីបីចំណែកនេះ |
|
គួររិះឲ្យជិតកុំគិតឆ្ងាយ |
កុំឆ្ងល់និងពាក្យពោលអធិប្បាយ |
|
ប្រឹងគិតដោះស្រាយប្រាជ្ញាស្រាប់។ |
និយាយដើមគ្រូដោយកំបាំង |
|
មានខ្សឹបមានខ្លាំងពោលបង្អាប់ |
បង្អើលឲ្យអ្នកដទៃស្តាប់ |
|
បង្អន់ដូចកាប់គាស់ឫគល់។ |
ស៊ីផ្លែឆ្ងាញ់ផ្អែមតាមទុំខ្ចី |
|
ឫលិចក្នុងដីមើលមិនយល់ |
មិនយកដីចាក់កប់គុណទល់ |
|
អំពល់ឲ្យបាបអំពីមាត់។ |
ពីមុនកាលកើតមានរូបកាយ |
|
អ្នកម្តាយចិញ្ចឹមបានធំធាត់ |
នាំយកទៅទុកឲ្យនៅវត្ត |
|
រៀនចេះចាំស្ទាត់បំភ្លាត់គុណ។ |
ភ្លេចគោក្របីទាំងមេកូន |
|
សាបសូន្យកុសលដែលមានមុន |
សាងក្រោយសាងឲ្យតែខាតទុន |
|
ពីព្រោះបាបស៊ុនស៊យពីចិត្ត។ |
ពិចារណាគួរតែកោតខ្លាច |
|
ខ្លួនបានជាប្រាជ្ញព្រោះគ្រូប្រិត |
ប្រឹងប្រៀនប្រដៅច្បាប់ក្រមក្រិត្យ |
|
អាណិតដល់គុណធ្ងន់អនេក។ |
អនាគតកាលទៅមុខ |
|
ចូរចាំចងទុកដល់ស្អែកៗ |
កុំស្អប់ចាស់ថ្មីស្តីដោយឡែក |
|
មើលចែកចាត់ចិត្តថ្លឹងឲ្យស្មើ។ |
ធ្វើបុណ្យដោយស្មោះកុំរើស្ម័គ្រ |
|
បាលីបីថ្នាក់ចាំហើយតើ |
មនោសេដ្ឋំចិត្តប្រសើរ |
|
ប្រសប់គ្រាន់បើធ្វើបុណ្យបាន។ |
ប្រាជ្ញថ្មីធ្វើតិចធ្វើតាមចុះ |
|
កុំថាគេខុសហើយឈប់ខាន |
ប្រាជ្ញចាស់ច្រើនធ្វើតាមបុរាណ |
|
ច្រើនលើសប៉ុន្មានបានដោយបទ។ |
កុំធ្វើដោយរាប់អានស្រលាញ់ |
|
ទុកជាកំណាញ់ហួសកំណត់ |
កំណើតមគ្គផលជឿប្រាកដ |
|
សន្មតថាបានច្រើនប្រការ។ |
កុំធ្វើប្រកាន់ដោយយល់មុខ |
|
ហៅបុគ្គលិកទានគ្មានផលា |
តាំងចិត្តចុះផ្លូវឧេក្ខា |
|
រក្សារូបសុខដល់សួគ៌នាយ |
សួគ៌នេះបើចង់ឲ្យឆាប់ដល់ |
|
សាងមគ្គសាងផលកុំរាយមាយ |
ឃើញគេខុសចិត្តកុំមើលងាយ |
|
កុំពោលនិយាយកាន់ម្ខាងៗ។ |
អ្នកប្រាជ្ញចេះថ្មីត្រូវដោយឡែក |
|
ចំណែកប្រាជ្ញចាស់ត្រូវដោយយ៉ាង |
កាន់យកទាំងពីរជាទីអាង |
|
សន្សំខំសាងនឹងបានសុខ។ |
ពីថ្ងៃនេះទៅនៅឲ្យនឹង |
|
ស្ងៀមមាត់ឲ្យឈឹងខ្លាចនរក |
ពីព្រោះឈ្លោះគ្នារៀងរាល់ស្រុក |
|
បឹងថ្លុកត្រពាំងរាំងប្រេះដី។ |
មិនឈ្លោះពីរឿងកេររឿងកោះ |
|
រឺទ្រព្យរបស់គោក្របី |
នេះឈ្លោះពីធម៌ចាស់ធម៌ថ្មី |
|
ក្តៅចិត្តកើតក្តីរកចាញ់ឈ្នះ។ |
បើក្តីពីស្រែពីចំការ |
|
ចៅក្រមសាលាងាយជំរះ |
នេះក្តីពីធម៌ថ្មីធម៌ចាស់ |
|
នោះក្រែងតែព្រះទើបកាត់បាន។ |
ចៅក្រមសព្វថ្ងៃឧាសក |
|
ចេះខ្ទេចបិដកព្រះកម្មដ្ឋាន |
កាត់ក្តីត្រូវច្បាប់អំបាលម៉ាន |
|
អ្នកក្តីមិនខានប្តឹងឧទ្ទរណ។ |
អាដែងមនុស្សម្នះរឹងចចេស |
|
បានតែនិរទេសក្រៅនគរ |
តែទុកវានៅវានាំវរ |
|
ជំហរតែរឹងទទឹងច្បាប់។ |
សង្ខេបបែបបទរឿងប្រដៅ |
|
អ្នកល្ងិតល្ងង់ខ្លៅគួរតែស្តាប់ |
អ្នកចេះសូត្រធម៌មិនស្តាប់ស័ព្ទ |
|
គួរត្រាប់អ្នកប្រាជ្ញចេះបាលី |
ធ្វើបុណ្យធ្វើទានកុំចោលចាស់ |
|
ចោលចេញទុកខ្លះក្បួនលោកិយ |
សូត្ររៀនតាមបែបអ្នកប្រាជ្ញថ្មី |
|
កុំបីភ្លេចគុណចាស់បុរាណ |
ធម៌អាថិច្រលំកុំច្រលោត |
|
ពាក្យពោលចាក់ដោតឲ្យឈប់ខាន |
រួមចិត្តសះសាបានសុខសាន្ត |
|
នឹងឲ្យរុងរឿងរីកសាសនា។ |
កុំឲ្យរៀវរោយរឹតរងកម្ម |
|
រាំងរឹងរាល់ឆ្នាំ៥វស្សា |
វស្សន្តរដូវត្រូវមនុស្សថា |
|
រំជួលទេវតាក្តៅក្រហាយ |
មនុស្សភូតកុហកឆក់ឆរបោក |
|
ឆ្នាំនេះស្រូវថោករាស្រ្តអត់បាយ |
ក្រលុយក្រកាក់ខ្វះប្រាក់ចាយ |
|
មហាជនទាំងឡាយកើតវេទនា |
ភិរម្យខ្ញុំបាទដើមឈ្មោះអ៊ូ |
|
ពូជពង្សអំបូរខែ្មរអ្នកជា |
អាពុកឈ្មោះ អ៊ុក មានសក្តិងារ |
|
ចៅពញាធម្មធារាមេស្រុក |
ក្នុងខេត្តភ្នំពេញ ឃុំកំបូល |
|
ពូជពង្សត្រកូលម្ចាស់អង្គប៉ុក |
ជីតាខាងម្តាយឈ្មោះពញាម៉ុក |
|
គាត់ធ្វើមេស្រុកឃុំស្ពានថ្ម |
អ្នកម្តាយអាពុកបងប្អូនជិត |
|
ជីទួតមួយពិតពូជចិត្តល្អ |
ដូនតាផ្សំផ្គុំជាតំណ |
|
បង្កកើតមកជាខ្ញុំបាទ |
ពូជខាងអាពុកមានប្រាជ្ញា |
|
ច្រើនចេះសាស្រ្តាចាំក្បួនខ្នាត |
ត្រកូលខាងម្តាយប្រាជ្ញាឆ្លាត |
|
រូបរាងច្រើនស្អាតគ្មានគស្អប់ ។ |
ខ្ញុំលឺមនុស្សឈ្លោះពីធម៌អាថិ |
|
គិតក្រែងសាសនាប្រែត្រលប់ |
ខ្ញុំចាប់អធិប្បាយពុំសាយសព្វ |
|
សន្មតថាចប់ម្ល៉េះឯងហោង។ |