ច្បាប់ល្បើកថ្មី
ច្បាប់ល្បើកថ្មីជា
បទកាកគតិត្រូវបាននិពន្ធដោយកវី
ក្រមង៉ុយនៅឆ្នាំ១៩២២។
ខ្លឹមសារ
ច្បាប់ល្បើកថ្មីមានខ្លឹមសារទាំងស្រុងដូចតទៅ៖
អ្នកព្រះភិរម្យ |
ភាសាអ៊ូខ្ញុំ |
បង្គំនឹកគុណ |
ព្រះពុទ្ធព្រះធម៌ |
ព្រះសង្ឃជាមុន |
គុណគាប់មហាធ្ងន់ |
|
មាតាបិតា។ |
|
ឧបជ្ឈាយ៍ជាធំ |
កាលចាប់ដៃខ្ញុំ |
ឲ្យធម៌កេស |
អនុសាវន |
ព្រះកម្មវាចា |
គុណតួអក្ខរា |
|
ទាំងសាមសិបបី។ |
|
ខែចែត្រឆ្នាំច |
ចត្វាស័កក |
កគិតកាព្យថ្មី |
លើច្បាប់ប្រដៅ |
កូនចៅប្រុសស្រី |
តូចក្ដីធំក្ដី |
|
ចូរស្ដាប់គ្រប់គ្នា។ |
|
ដ្បិតមនុស្សឥឡូវ |
យកខុសជាត្រូវ |
យកឆ្កួតធ្វើជា |
អំពើអាក្រក់ |
ឡិកឡក់លីលា |
ព្រហើនពានពារ |
|
អាងមាសអាងប្រាក់។ |
|
៥-អាងព្រើលអាងប្រាជ្ញ |
អាងកោងអាងកាច |
អាងកាប់អាងចាក់ |
អាងជើងអាងដៃ |
អាងវាយអាងធាក់ |
អាងគុកច្រវាក់ |
|
អាងម៉ាស៊ីនកាត់ក។ |
|
អាងសុទ្ធតែខុស |
កូនអើយចាំចុះ |
អាងនោះមិនល្អ |
អ្នកគិតឲ្យល្អិត |
ដ្បិតស្រុកលោកក្រ |
ប្រមាណតំណ |
|
តទៀតទៅមុខ។ |
|
សាសនានៅឆ្ងាយ |
លែងបានសប្បាយ |
មានតែកើតទុក្ខ |
កើតទាន់លោកីយ៍ |
លឺតែទំនុក |
ដំណែលអាពុក |
|
ចូរចាំគ្រប់គ្នា។ |
|
អ្នកជឿពាក្យចាស់ |
ជឿចាំឲ្យណាស់ |
កុំធ្វើបំពារ |
អ្នកហ៊ានស្បែកដាច |
អ្នកខ្លាចស្បែកជា |
មនុស្សចោរប៉ោបៀ |
|
កុំយកខ្លួនបៀត។ |
|
ឃើញរិកគេល្អ |
ទោះបីមានក្រ |
យកគេជាញាតិ |
គួររាប់អ្នកក្រៅ |
ផៅអ្នកឯទៀត |
រាប់រើសមារយាទ |
|
សុចរិតត្រឹមត្រូវ។ |
|
១០-រៀនបទរៀនបាទ |
កុំកោងហួសខ្នាត |
កុំភ្លាត់ខុសផ្លូវ |
កុំភ្លើនភ្លេចម៉ែ |
កុំប្រែហួសឪ |
ឃើញចាស់សក់ស្កូវ |
|
កុំសូវមើលងាយ។ |
|
បន្ទន់អាត្មា |
ខ្លាចមេខ្លាចបា |
ខ្លាចតាខ្លាចយាយ |
បំរើមហាក្សត្រ |
ប្រយ័ត្នស្ដេចទាយ |
ពាក្យពិតទំនាយ |
|
រលាយកេរ្ដិ៍ឈ្មោះ។ |
|
ពាក្យស្ដេចពាក្យគ្រូ |
មានប្រៃមានជូរ |
កំរពីរោះ |
ជួនទាយឲ្យទាប |
ជួនទាយឲ្យខ្ពស់ |
ទាយឲ្យសក្ដិយស |
|
ទាញចុះកុំខឹង។ |
|
បំរើមើលភេទ |
ចំណាំព្រះនេត្រ |
ហេតុខ្លួនឲ្យដឹង |
ខ្លួនខ្ជិលហៃព្រើល |
លោកមើលសំលឹង |
សំលក់ឲ្យប្រឹង |
|
ខំប្រិតសូត្ររៀន។ |
|
បំរើមើលពុត |
ប្រាជ្ញាឲ្យមុត |
ស្មារតីឲ្យមាន |
បើខ្លៅឲ្យប្រាជ្ញ |
បើខ្លាចឲ្យហ៊ាន |
ចង់បានរបៀន |
|
កុំអៀនកុំខ្មាស។ |
|
១៥-ពុតលោកថាធំ |
ជ្រងោប៉ុនភ្នំ |
ឯងមើលមិនច្បាស់ |
បំរើលោកណា |
លោកហ្នឹងជាម្ចាស់ |
លោកស្អប់អ្វីណាស់ |
|
ប្រាសចោលឲ្យឆ្ងាយ។ |
|
កុំឈមឈរជិត |
កុំយកធ្វើមិត្រ |
ភ្លាត់ខ្លួនអន្ដរាយ |
បើប្រពន្ធកូន |
បងប្អូនចៅហ្វាយ |
អាពុកឬម្ដាយ |
|
ឱនកាយប្រតិបត្ដិ។ |
|
អ្នកកុំមើលងាយ |
ឃើញគេរីករាយ |
ព្រួយខ្លួនប្រយ័ត្ន |
ត្រកូលញាតិផៅ |
កូនចៅមហាក្សត្រ |
ស្មើថ្លើមប្រមាត់ |
|
ប្រមាថមិនបាន។ |
|
ទោះអ្នកដទៃ |
អ្នកព្រៀងអ្នកព្រៃ |
ដែលលោករាប់អាន |
កុំថាតែមនុស្ស |
ទោះសត្វតិរិច្ឆាន |
ឯស្អប់មិនបាន |
|
ជួយថែរក្សា។ |
|
របស់រឺទ្រព្យ |
ដែលជាសំអប់ |
កុំបាច់សំអាត |
ទ្រព្យណាសំលាញ់ |
អស់អញឱហាត |
ចូរចៅសង្វាត |
|
ជួយថែរក្សា។ |
|
២០-កុំជិះកុំជាន់ |
ស្មៅផ្ទីអាចម៍មាន់ |
ពាក្យចាស់ឧមា |
បុរាណហៅផ្ទី |
ពីរបីប្រការ |
កុំស៊ីត្រង់ណា |
|
ជុះដាក់ត្រង់ហ្នឹង។ |
|
សាច់សាលោហិត |
កុំផ្ដួលផ្ដេកផ្ដិត |
ផ្ដួចទោសកើតប្ដឹង |
អាពុកផ្ដែផ្ដាំ |
ចូរចាំចេះថ្លឹង |
សាច់ថ្លើមសួតឆ្អឹង |
|
និងស្បែកខាងក្រៅ។ |
|
សាច់សួតក្នុងខ្លួន |
ទុកស្មើបងប្អួន |
ប្រពន្ធកូនចៅ |
សរសៃនិងស្បែក |
ចែកជាញាតិផៅ |
ខ្ញុំស្រីខាងក្រៅ |
|
ជាស្មៅអាច់មាន់។ |
|
ស្រីខ្ញុំកំដរ |
បើឃើញរូបល្អ |
កុំលលូកលាន់ |
កុំលួចលបលេង |
ក្រែងម្ចាស់គេទាន់ |
កុំភប់កុំភាន់ |
|
អាប់អន់អាត្មា។ |
|
បើអ្នកមានយស |
មានសក្ដិខ្ពង់ខ្ពស់ |
គាប់នឹងរាជការ |
ធ្វើធំធ្វើថី |
មន្រ្ដីមានត្រា |
ព្រះហ្លួងឧកញ៉ា |
|
សាលាកុង្សីយ៍។ |
|
២៥ - ចេះច្បាប់បារាំង |
កុំភ្លេចសច្ចំ |
កតញ្ញូខន្ដី |
កុំឆ្មើងហួសមាឌ |
ភ្លេចញាតិប្រុសស្រី |
ជំនុំកាត់ក្ដី |
|
យកឧបេក្ខា។ |
|
កុំកាន់សីហលោ |
កុំកាន់លោភោ |
ទោសោមោហោ |
កុំជក់អាភៀន |
កុំឃ្លានផឹកស្រា |
កុំស្អប់ត្រង់ណា |
|
សច្ចាយកត្រង់។ |
|
ល្អងលោមពិសោធ |
កុំឆបញ្ឆោត |
បញ្ចូលឲ្យបង់ |
ឲ្យបែកឲ្យបាក់ |
ពាក្យសត្យពាក្យសង្ឃ |
កូនអើយផ្ចិតផ្ចង់ |
|
តំរង់ស្មារតី។ |
|
កុំភ្លើនឃើញប្រាក់ |
កុំភ្លើភ្លាត់សក្ដិ |
ធ្លាក់ទៅអវចី |
កាន់ធម៌ទសពិធ |
រឹតឡើងរាសី |
គាប់ពីលោកិយ៍ |
|
ដល់បរលោកនាយ។ |
|
អ្នកក្ដីជាភ្លើង |
កុំកាត់ជាន់ជើង |
អ្នកម្ខាងមើលងាយ |
ចៅក្រមជាទឹក |
រលឹករំលាយ |
កុំជេរកុំវាយ |
|
បង្ខំនាំខុស។ |
|
៣០ - ចោរលួចចោរប្លន់ |
រីចោរស្ម័គ្រស្មន់ |
តណ្ហាស្រីប្រុស |
កុំស្អប់ខាងណេះ |
បញ្ឆេះខាងណោះ |
លួងលោមបញ្ចុះ |
|
បញ្ចូលចិត្ដក្ដី។ |
|
កុំដុតឲ្យក្ដៅ |
បើឃើញអ្នកខ្លៅ |
ប្រាជ្ញាគ្នាខ្លី |
កុំឃើញប្រាក់ប្រុស |
បន្ដុះខាងស្រី |
បើកាន់ច្បាប់ថ្មី |
|
កុំចោលច្បាប់ចាស់។ |
|
កុំដៀលអ្នកស្រែ |
ត្រកូលឯងខ្មែរ |
កុំប្រែក្រលាស់ |
ក្រលេកមើលគុណ |
ទន់ខ្លួនសំពះ |
កុំធ្វើអ្នកណាស់ |
|
កុំត្មះអ្នកក្រ។ |
|
អ្នកកុំភ្លេចគុណ |
គ្រូលេខនព្វន្ដ |
គ្រូសូត្រអក្សរ |
កុំចាប់ដៃទាញ |
គំនាប់ងក់ក |
កុំជជែកត |
|
ស្មើមិត្ដសំលាញ់។ |
|
រាស្រ្ដរត់ចូលជ្រក |
សួរសាចទៅមក |
កុំអើឯងអញ |
ពាក្យពុំពិរោះ |
គេកើតមួក្នាញ់ |
គេដៀលផ្ចាលផ្ចាញ់ |
|
អន្ដរាយកេរ្ដិ៍ឈ្មោះ។ |
|
កុំឆ្មើងអាងបុណ្យ |
ស្រដីឲ្យទន់ |
ពោលពាក្យពិរោះ |
ខ្លួនអ្នកនឹងថ្កើង |
នឹងឡើងសក្ដិយស |
កុំឆ្លៀតនាំឈ្លាះ |
|
ញុះញង់អ្នកធំ។ |
|
កុំស្អប់អ្នកតូច |
បើឃើញគ្នាខូច |
គួរគិតប្រមុំ |
ទោសគ្នាតិចតួច |
ផ្ដួចឡើងជាធំ |
ផ្សែងពួតជាដុំ |
|
ផ្លុំឆេះជាភ្លើង។ |
|
កុំភ្លើនភ្លេចខ្លួន |
ចេះសាសន៍ចិនយួន |
កុំចោលខ្មែរយើង |
កុំធ្វើក្រអើត |
កុំពើតកុំពើង |
កុំពាក់ស្បែកជើង |
|
ចូលវត្ដលោកសង្ឃ។ |
|
ដោះមួកដាក់ឆ័ត្រ |
ឱនកាយប្រតិបត្ដិ |
លំអុតឱនអង្គ |
កុំស៊ីតាមឃ្លាន |
កុំហ៊ានតាមចង់ |
កាន់ច្បាប់ស្រុកហ្វង្ស៍ |
|
កុំបង់សាសនា។ |
|
កុំចង់ថ្កើងពេក |
កុំលើកដំណេក |
ហួសមេហួសបា |
តែងខ្លួនឲ្យល្មម |
មើលពូជពង្សា |
សង្ខេបនិដ្ឋិតា |
|
រឿងផ្គប់បុណ្យសក្ដិ។ |
|
៤០ - បើទៅជារាស្រ្ដ |
ប្រាជ្ញាវៃឈ្លាស |
គូរវាសឆ្លកឆ្លាក់ |
ឲ្យឆ្លៀតរែកពុន |
បើធ្ងន់សុំដាក់ |
ខំរកមាសប្រាក់ |
|
ឲ្យគ្រាន់ទាន់ចាយ។ |
|
រាជ្យបារាំងសេស |
កូនកុំប្រហែស |
កុំថ្នមរូបកាយ |
ដើរគិតដេកគិត |
ជួញជិតជួញឆ្ងាយ |
បើចង់សប្បាយ |
|
ស្រេចនៅមានទ្រព្យ។ |
|
រាជ្យហ្លូងពីមុន |
រកស៊ីរែកពុន |
មានក្រតាមភ័ព្វ |
រាជ្យលោកឥឡូវ |
ត្រូវខំឲ្យញាប់ |
តែខ្ជិលច្រើនជាប់ |
|
ខ្នោះជើងខ្នោះដៃ។ |
|
តាំងពីឆ្នាំច |
ចាំជាដំណ |
ទំនិញឡើងថ្លៃ |
ចងក្បិតឲ្យតឹង |
ប្រឹងកុំសំចៃ |
សញ្ជឹងយប់ថ្ងៃ |
|
កុំឲ្យក្រខ្សត់។ |
|
បើចង់ស្រាលខ្លួន |
រៀនសូត្រឲ្យមួន |
ឲ្យមាំឲ្យស្ទាត់ |
កុំចេះស្ទាក់ស្ទើ |
ល្ងីល្ងើឥតបទ |
បើចេះប្រាកដ |
|
ប្រាក់រត់តាមហៅ។ |
|
៤៥ - កុំថ្នមកំលាំង |
កាប់ជីកចូកចាំង |
កុំថារងាក្ដៅ |
រៀនអ្វីឲ្យឆ្អិន |
កុំឲ្យខ្លោចឆៅ |
កុំដេកតែខ្លៅ |
|
ក្រក្រៅសន្ដាប់។ |
|
បើល្ងង់ឲ្យចេះ |
រករៀនតំរិះ |
រិះរកតំរាប់ |
អិន្រ្ទីឆ្វេងស្ដាំ |
កុំចាំគេប្រាប់ |
រៀនស្ដីរៀនស្ដាប់ |
|
រៀនមើលឲ្យស្ដែង។ |
|
កើតមកជាមនុស្ស |
ទាំងស្រីទាំងប្រុស |
មិនដែលចេះឯង |
បើក្រឲ្យមាន |
វិញ្ញាណចេះក្រែង |
គិតគ្រប់កន្លែង |
|
កុំដេកតែក្រ។ |
|
កុំប្លន់កុំលួច |
កុំខ្ជិលកុំខូច |
កុហកឆូវឆ |
បោកប្រាសយកប្រាក់ |
ច្រវាក់ជាប់ក |
កាន់មារយាទល្អ |
|
សុច្ចរិតត្រឹមត្រូវ។ |
|
កូនអើយរកស៊ី |
កកាយធរណី |
ធ្វើស្រែយកស្រូវ |
កុំតាមអ្នកណា |
បាតាមតែឪ |
លើកភ្លឺជិតផ្លូវ |
|
កុំស្រាស់បន្លា។ |
|
៥០ - គេដើរយប់ថ្ងៃ |
មុតជើងមុតដៃ |
ដឹងចៀសទៅណា |
ចៀសចុះជាន់ស្រូវ |
ហើយជេរផ្ដាសា |
កូនម្ដាយអាណា |
|
ស្រាស់ដើរមិនរួច។ |
|
កុំយកគល់ឈើ |
ទៅដាក់ពីលើ |
ទោះធំទោះតូច |
ជំពប់ជើងគេ |
គេថាឯងខូច |
ជេរដៀលដល់ពូជ |
|
ប្រដូចមេបា។ |
|
លើកភ្លឺឲ្យធំ |
បង្ហាប់ឲ្យមាំ |
គាប់ភ្នែកទេវតា |
ស្មើបានសង់ស្ពាន |
នឹងមិនផលា |
កើតសាធុការ |
|
អាយុយឺនវែង។ |
|
កូនអើយធរណី |
បើតាមគម្ពីរ |
ដែលលោកសំដែង |
កុំចង់បានធំ |
ក្រមុំឆ្វេលឆ្វែង |
កុំលើកដីឯង |
|
លបដាក់ស្រែគេ។ |
|
អំពើអាក្រក់ |
មួយចំរៀកសក់ |
ធ្លាក់ទៅនិរយេ |
បច្ចុប្បន្នលោកិយ៍ |
កើតក្ដីវាយជេរ |
មិនដែលសុខទេ |
|
ព្រោះដីមួយហត្ថ។ |
|
៥៥ - កុំជួញចង់ទាស់ |
ខូចខាតរបស់ |
អស់ទ្រព្យសម្បត្ដិ |
ចង់គង់ប្រយោជន៍ |
ឲ្យចេះប្រយ័ត្ន |
ពាក្យឪមួយមាត់ |
|
ឲ្យគិតមួយម៉ោង។ |
|
សំអាតផ្ចិតផ្ចង់ |
លើកភ្លឺឲ្យត្រង់ |
កុំលើកឲ្យកោង |
អ្នកកុំប្រហែស |
ក្រែងមានប្រហោង |
លើកមើលទំនង |
|
ទំនាបទឹកហូរ។ |
|
ចំនួនទឹកស្ទឹង |
ទឹកព្រែកទឹកបឹង |
ទឹកវាលទឹកអូរ |
អ្នកលើលិចស្រូវ |
ត្រូវបើកបង្ហូរ |
អ្នកក្រោមកុំថ្ងូរ |
|
បន្ធូរហួសទៅ។ |
|
រាំងរឹងថ្ងៃយប់ |
កុំឲ្យបាក់ជ្រៅ |
ឆាប់លើកឆាប់ទប់ |
កត្ដឹកចេញខ្យល់ |
តំកល់ទឹកនៅ |
បើចង់បានស្រូវ |
|
ស្រេចនៅត្រឹមថែ។ |
|
កុំយកគ្រាប់ត្នោត |
ទៅដាំទៅដោត |
ពីលើភ្លឺស្រែ |
ចិត្ដគិតប្រមាណ |
ចង់បានផ្កាផ្លែ |
ដាំដុះដង្ហែ |
|
បង្ហិនខ្លួនឯង។ |
|
៦០ - ដល់ត្នោតឡើងគល់ |
ឡើងកើតនាំខ្វល់ |
ធាងលូតឡើងវែង |
ភ្ជួររាស់ជាប់នឹម |
ក្របីជាប់ស្នែង |
ទទើសទទែង |
|
ភ្ជួរឆ្វេងមិនត្រូវ។ |
|
ដល់ត្នោតវាធំ |
មានស្លឹកវាទុំ |
វាជ្រុះក្នុងស្រូវ |
ស្រែឆ្ងាយពីផ្ទះ |
ឃ្លាតណាស់ពីផ្លូវ |
ទំរាំតែទៅ |
|
រលួយស្រូវអស់។ |
|
កូនអើយកុំឆោត |
បើចង់បានត្នោត |
ដាំដោយកៀនកោះ |
ដីទួលចំការ |
ឯណាចន្លោះ |
ដាំជារបស់ |
|
|
ជាយជួររបង។ |
|
របៀបចំការ |
ថែទាំរក្សា |
យូរៗស្រាស់ម្ដង |
ស្រាស់ឲ្យត្រូវជួរ |
មើលគួរសមផង |
កុំបើកមុជឆ្លង |
|
ទៅស្រាស់ខាងក្រៅ។ |
|
មិនគាប់ប្រសើរ |
របងវាដើរ |
អ្នកម្ខាងវាក្ដៅ |
កើតក្ដីកើតក្ដាំ |
អស់ខោអស់អាវ |
ខឹងអស់ញាតិផៅ |
|
ពីព្រោះចំការ។ |
|
៦៥ - មួយទៀតរបង |
ជិតផ្លូវអ្នកផង |
គេទៅណាៗ |
ធ្វើឲ្យទូលាយ |
កុំរាយបន្លា |
កាប់ឆ្កេះទាត់ឆ្ការ |
|
ឲ្យឆ្ងាយពីផ្លូវ។ |
|
កុំធ្វើចង្អៀត |
ក្រែងយប់អាធ្រាត្រ |
ខ្លះមកខ្លះទៅ |
ចៀសគ្នាមិនរួច |
បើកបរកាត់ស្រូវ |
ជេរម្ដាយតាមផ្លូវ |
|
រហូតដល់ផ្ទះ។ |
|
កូនអើយអ្នកចាំ |
អ្នកកុំចងកម្ម |
មានពៀរច្រើនណាស់ |
ជាតិក្រោយខ្វក់ខ្វិន |
កខ្វេះកខ្វាស |
សូវចោលដីខ្លះ |
|
មិនខាតប៉ុន្មាន។ |
|
កុំខ្លាចតែក្រ |
ធ្វើរិកមិនល្អ |
ច្រើនកើតរឱស្ថាន |
រអែករអោក |
បាត់ញាតិសន្ដាន |
ឥតគេរាប់អាន |
|
មានតែគេស្អប់។ |
|
កាន់រិកឲ្យខ្ពស់ |
ឲ្យខ្ពើមពាក្យឈ្លោះ |
ទើបបានជាគាប់ |
យកឆោតដាក់ខ្លួន |
ច្រើនមានគេរាប់ |
បើខ្លួនឥតទ្រព្យ |
|
កុំធ្លាប់ហ៊ានខ្ចី។ |
|
៧០ - គ្រប់ការសារពើ |
ចង្អេរកញ្ជើ |
កន្ដាំងតៅល្អី |
រនាស់រទេះ |
គោសេះក្របី |
បើបានជាខ្ចី |
|
ខ្ចីប្រាក់គេទិញ។ |
|
យកមករកស៊ី |
ខែមួយខែពីរ |
សងប្រាក់គេវិញ |
របស់បានយើង |
ជាជើងជួញចេញ |
ឯទ្រព្យនោះមិញ |
|
ពេញជាទ្រព្យឯង។ |
|
កុំខ្ចីគេប្រើ |
តែមួយដំណើរ |
មិនយូរអង្វែង |
ជួនជាបាក់បែក |
ជជែកទាស់ទែង |
សងគេមិនលែង |
|
ចាស់ផ្លាស់ជាថ្មី។ |
|
កើតមកជាប្រុស |
គិតឲ្យសព្វសុស |
កុំឲ្យសល់អ្វី |
បួសរៀនធម៌អាថិ |
សាស្រ្ដាបាលី |
បរលោកលោកិយ |
|
កុំបីចន្លោះ។ |
|
សឹកមករកស៊ី |
កកាយធរណី |
ធ្វើជាគ្រហស្ថ |
កុហកជឿបុល |
បំណុលរុំកោះ |
ច្រើនគេដាក់ខ្នោះ |
|
អស់ស្រែចំការ។ |
|
៧៥ - ធ្វើរាស្រ្ដរកស៊ី |
ចិញ្ចឹមគោញី |
ថែទាំព្យាបាល |
ក្រហេតុពីខ្ជិល |
មានត្បិតអុស្សាហ៍ |
អ្នកមានប្រាជ្ញា |
|
មិនស្មើគំនិត។ |
|
កំណើតសំណាង |
សំណូមសូមសាង |
កកើតពីគិត |
ពីកាលជាតិមុន |
បុណ្យព្រេងអតិត |
កើតរូបគំនិត |
|
ទើបកើតសំណាង។ |
|
ឯមនុស្សសំណល់ |
ល្ងង់ល្ងើងឿងឆ្ងល់ |
ទាស់ទែងក្អេងក្អាង |
ដប់ឆ្នាំនេះហើយ |
ប្រកាន់ម្យ៉ាងៗ |
ខ្លះអួតសំណាង |
|
ខ្លះអាងគំនិត។ |
|
កូនចៅប្រុសស្រី |
រកប្រពន្ធប្ដី |
ឲ្យរកស្រុកជិត |
បើរកស្រុកឆ្ងាយ |
ឲ្យម្ដាយពិនិត្យ |
ឲ្យត្រឹមត្រូវពិត |
|
ពូជពង្សាវតារ។ |
|
កូនអើយអ្នកចាំ |
កុំជឿខែឆ្នាំ |
កុំជឿតំរា |
ពាក្យក្បួនទាំងឡាយ |
កើតពីមនុស្សចារ |
ពីដូនពីតា |
|
ចារតាមសំគាល់។ |
|
៨០ - អ្នកជឿតែពូជ |
អំបូរធ្លាប់ខូច |
វាខូចរាងរាល់ |
ពូជមានវាមាន |
ពូជទាល់វាទល់ |
កុសលអកុសល |
|
យើងមើលមិនជាក់។ |
|
ប្រពន្ធនិងប្ដី |
អាយុវែងខ្លី |
យើងមើលមិនច្បាស់ |
កុំយកពូជល្បែង |
ពូជភ្លេងអារក្ខ |
បើម្ង៉ៃបង់ប្រាក់ |
|
រកអាយុវែង។ |
|
អំបូរពង្សពូជ |
ត្រកូលធ្លាប់ខូច |
វាខូចមិនលែង |
ពូជចោរស្រីៗ |
យកប្ដីចិត្ដឯង |
មិនគិតកោតក្រែង |
|
ខ្លាចចិត្ដមេបា។ |
|
កូនចៅស្រីៗ |
បើនឹងយកប្ដី |
ឲ្យមើលកិរិយា |
មួយភ្លេងអារក្ខ |
មួយអ្នកបាណា |
មួយអ្នកផឹកស្រា |
|
មួយអ្នកចង់ស្រី។ |
|
មួយអ្នកក្រមាច់ |
លេងផោមលេងអាច់ |
ច្រើនអាយុខ្លី |
ប្រកាច់ដាច់លក្ខណ៍ |
ជាន់អារក្ខព្រៃ |
មួយគឺមន្រ្ដី |
|
ធ្វើក្រមជំទប់។ |
|
៨៥ - ជំទយតែដើរ |
មេស្រុកគេប្រើ |
ទាំងថ្ងៃទាំងយប់ |
មានមួកខ្វះឆ័ត្រ |
កំរមានគ្រប់ |
មួយទៀតកុំភប់ |
|
ជួញប្រាំប្រការ។ |
|
ប្រាកដជាខុស |
លក់សត្វទាំងរស់ |
មិនចេះអនិច្ចា |
សព្វសត្វអ្វីៗ |
បក្សីបក្សា |
ព្រាត់មេព្រាត់បា |
|
ទេវតាលោកលក់។ |
|
លោកិយនេះខ្សត់ |
យម្ភបាលគេកត់ |
នៅស្ថានរក |
មួយហួយអាប៉ោង |
ប៉ោបៀគ្រប់មុខ |
កូនអើយចាំទុក |
|
ក្រគ្រប់ប្រាំបី។ |
|
ឯអ្នកទាំងអស់ |
រកស៊ីម៉េះម៉ស់ |
ច្រើនជាងស្រីៗ |
ប្រាជ្ញានោះវែង |
គំនិតនោះខ្លី |
ប្រពន្ធជេរស្ដី |
|
អាងឈ្លោះបំពាន។ |
|
នេះពូជអ្នកក្រ |
រស់ទាំងត្រដរ |
ទាំងអត់ទាំងឃ្លាន |
ធ្វើគុណនឹងគេ |
រកគេសងគ្មាន |
ហេតុនេះកុំរៀន |
|
ទាំងប្រាំបីផ្លូវ។ |
|
៩០ - យ៉ាងអ្នកនេសាទ |
មិនដែលសង្វាត |
ធ្វើស្រែបានស្រូវ |
ប្រព្រឹត្ដសាងកម្ម |
ប្រចាំរដូវ |
វង្វេងខុសត្រូវ |
|
ព្យាយាមសំលាប់។ |
|
អន្ទាក់ជង់កុក |
អង្រុតឈ្នាងឈ្នក់ |
គ្រប់គ្រឿងប្រដាប់ |
ថ្លុកបៀត្រពាំង |
ទប់បាំងបាចចាប់ |
ចោលស្រូវកណ្ដាប់ |
|
កណ្ដុរកាត់អស់។ |
|
កំពប់ខ្ចាត់ខ្ចាយ |
ខូចខាតអន្ដរាយ |
មិនស្ដាយស្រណោះ |
យប់រវល់ប្របក់ |
ចង់បានត្រីរ៉ស់ |
ខែភ្លឺរវល់ឆ្លុះ |
|
ដើរដេញសំពោច។ |
|
វក់តែសប្បាយ |
ដើរដេញទន្សាយ |
ដើរចងសន្ទូច |
អំពើអស់នោះ |
ច្រើនខ្វះស្រូវពូជ |
ធ្វើបានតិចតួច |
|
អាងជឿគេស៊ី។ |
|
កូនអើយបំណុល |
ចងការជឿបុល |
មួយឡើងជាពីរ |
អ្នកភ្លេងអារក្ខ |
ច្រើនទឹមគោញី |
ធ្វើស្រែមួយពីរ |
|
ធ្វើសោះតែខាន។ |
|
៩៥ - ថ្ងៃដេកក្រភ្ញាក់ |
យប់លៀងអារក្ខ |
ឈឺឆ្អាលសន្ដាន |
គេស្ដីគេពឹង |
នឹងឈប់មិនបាន |
គេរករាប់អាន |
|
កាលមានធុរៈ។ |
|
ផ្លុំប៉ីកូតទ្រ |
ស្រែកច្រៀងវាយស្គរ |
មិនបានលុយកាក់ |
ឯងពឹងគេវិញ |
គេគ្មានជំពាក់ |
ពឹងបានម្នាក់ៗ |
|
ដោយសារឲ្យថ្លៃ។ |
|
ឡើងត្នោតភ្ជួរស្រែ |
កំរទាន់គេ |
ដ្បិតដេកដល់ថ្ងៃ |
ច្រូតកាត់ចង់ឆាប់ |
ជួលគេពេញថ្លៃ |
ចំណេះចង្រៃ |
|
នាំខាតធ្វើការ។ |
|
ឯខ្មោចអារក្ខ |
ស្លាប់ដប់រស់ម្នាក់ |
ថ្វាយចេកថ្វាយស្រា |
សំពះនឹកគុណ |
ខ្មោចប្រេតដូនតា |
មិនដែលអ្នកណា |
|
នឹកគុណអ្នកភ្លេង។ |
|
ឯអ្នកប្រមឹក |
ប្រមូលកនផឹក |
ធ្វើភឿននឹងក្មេង |
សំដីច្រើនតឹង |
ស្រវឹងវង្វេង |
ចំហរអួតក្អេង |
|
មិនចេះក្រខ្សត់។ |
|
១០០ - អួតទាំងបំពាន |
ផឹកម្ង៉ៃលុយមាន |
ផឹកម្ង៉ៃលុយអត់ |
ឯងចេះតែកិន |
ចិនគិតតែកត់ |
ផឹកដល់កំណត់ |
|
យកស្រែបញ្ចាំ។ |
|
សល់ថ្នាលមួយពីរ |
វាយគោស្ងោរស៊ី |
មិនគិតខ្លាចកម្ម |
ផឹកជ្រុលហួសល្បត់ |
អត់បាយរាប់ឆ្នាំ |
អស់ស្រែបញ្ចាំ |
|
បញ្ចាំកូនទៀត។ |
|
កំណើតផឹកស្រា |
ផឹកផុតមេត្ដា |
ផឹកជ្រុលហួសមាឌ |
អ្នកមួយផឹកស្ទើរ |
ល្ងីល្ងើចេះឆ្លៀត |
ម្យ៉ាងផឹកផុតមារយាទ |
|
ច្រើននៅខ្ញុំចិន។ |
|
រែកទឹកពុះអុស |
វាទុញវាតុះ |
ចាក់កែវផឹកសិន |
ស៊ូរែកខំអត់ |
សំពត់ខើចក្បិន |
ទំរាំបាយឆ្អិន |
|
ចិនដួសហៅស៊ី។ |
|
ឆ្ងាញ់តែម្នាក់ឯង |
ឆ្អែតហើយខំស្វែង |
ខំលើកខំលី |
ដងទឹកស្រោចគ្រប់ |
ស្រោចខ្ទឹមម្ទេសជី |
ខ្ញុំចិនម្ង៉ៃពីរ |
|
វិលទៅរវាំងផ្ទះ។ |
|
១០៥ - ឯអ្នកចង់ស្រី |
ប្រពន្ធពីរបី |
ថាឯងអ្នកណាស់ |
គន់ឯសំពត់ |
តែមួយបន្លាស់ |
ពាក់អាវបំណាស់ |
|
កំរមានថ្មី។ |
|
ផ្ទះលេចវាលល្វឹង |
ជញ្ជាំងចងហ៊ឹង |
ស្លាធ័របាយសី |
ខួចប្រេងក្រមួន |
ម្លូស្លាបារី |
កំលោះពីរបី |
|
ចោមរោមរៀនស្នែហ៍។ |
|
រៀនស្នាលរៀនស្និទ្ធ |
កើតក្ដីពីក្ដិត |
ព្រួយចិត្ដម៉ែឪ |
កូនអើយប្រពន្ធ |
អាងមន្ដពូកែ |
ត្រូវគុករាប់ខែ |
|
អស់ស្រែត្រពាំង។ |
|
ធម្មតាប្រពន្ធ |
បានដោយសីលមន្ដ |
ដោយស្ងាត់កំបាំង |
រកស៊ីលៀនភ្នែក |
បានវែកខ្វះឆ្នាំង |
បានល្អីកន្ដាំង |
|
នៅខ្លះចង្អេរ។ |
|
បាននេះខ្វះនោះ |
ក្រហេតុពីព្រោះ |
អាពុកម្ដាយជេរ |
បើចូលជំនុំ |
មិនរម្យដូចគេ |
អង្គុយវេះវេរ |
|
មិនហ៊ានហាលមុខ។ |
|
១១០ - នេះពុតអ្នកក្រ |
ចាំជាតំណ |
តជាទំនុក |
ប្រយ័ត្នដំនៀល |
គេដៀលអាពុក |
កូនអើយចាំទុក |
|
ចាំតកូនចៅ។ |
|
រក្សាពូជពង្ស |
បើខ្លួនល្ងឹតល្ងង់ |
ស្ដាប់ចាស់ប្រដៅ |
កុំស្អប់អ្នកប្រាជ្ញ |
កុំខ្លាចអ្នកខ្លៅ |
បើមនុស្សឆោតឆៅ |
|
កូនឯងកុំភប់។ |
|
កុំភ័យខ្លាចអត់ |
មើលឲ្យប្រាកដ |
គួរយកគួរឈប់ |
គួរឈានគួរឈោង |
តោងមើលឲ្យគ្រប់ |
កុំចេះតែងប់ |
|
មិនស្ដាប់ឪម៉ែ។ |
|
រកប្ដីប្រពន្ធ |
ឲ្យគិតឲ្យគន់ |
ឲ្យមើលថួនថែ |
ត្រកូលក្រខ្សត់ |
ប្រាកដតាមខ្សែ |
បីដូចឈើផ្លែ |
|
មិនដែលចេះក្លាយ។ |
|
ជូរផ្អែមធំតូច |
ដើមក្រូចផ្លែក្រូច |
ដើមស្វាយផ្លែស្វាយ |
ពូជស្រីចោរក្បត់ |
មិនអត់សាហាយ |
ពូជស្រីមេម៉ាយ |
|
ពីម្ដាយដល់កូន។ |
|
១១៥ - រើសពូជមិនខុស |
ពូជសាំងនិងប្រុស |
ទាំងអស់បងប្អួន |
ពូជសែនមេបា |
ពីតាដល់ដូន |
ពូជល្អសុទ្ធសូន្យ |
|
ពីដូនដល់ចៅ។ |
|
រករូបមិនក្រ |
អាក្រក់ហើយស |
មារយាទល្អហើយខ្មៅ |
ស្រីក្មេងមានខ្មាស |
ប្រដូចតាមផៅ |
ចាស់ចង់ប្រដៅ |
|
មិនសូវខុសខាន។ |
|
ពាក្យចាស់លោកថា |
ធ្វើស្រែចំការ |
ស្ដាប់មហាសង្រ្កាន្ដ |
ធ្វើម្ដងខុសខាត |
ធ្វើម្ដងទៀតបាន |
ធ្វើតាមប្រមាណ |
|
ប្រមើលទឹកភ្លៀង។ |
|
រកប្ដីប្រពន្ធ |
ឲ្យគយឲ្យគន់ |
រើសរករូបរាង |
ពូជថ្លៃល្មមយក |
ពូជថោកល្មមវាង |
រូបល្អរិកល្អៀង |
|
នាងកុំប្រសព្វ។ |
|
ជាតិស្រីនិងប្រុស |
បើបានជាខុស |
ខុសទាល់ថ្ងៃងាប់ |
បើបានរូបល្អ |
កំរមានភ័ព្វ |
មានខុសមានគាប់ |
|
ដូចស្រែចំការ។ |
|
១២០ - មួយទៀតអ្នកចាំ |
អាពុកចំណាំ |
ទុកជាតំរា |
កុំយកតំរាប់ |
កុំស្ដាប់អាចារ្យ |
បើនឹងរៀបការ |
|
កុំការប្រធួន។ |
|
ប្រជែងវេលា |
លឺស្គរឆ្លើយគ្នា |
ប្រទប់ប្រទួន |
ស្រុកជិតភូមិផង |
របងដោយខ្លួន |
អាចារ្យអាងក្បួន |
|
ថាសុខសប្បាយ។ |
|
កូនអើយអ្នកចាំ |
យូរណាស់៤ឆ្នាំ |
ព្រាត់ប្រាស់អន្ដរាយ |
ច្រើនស្លាប់បីនាក់ |
រស់ម្នាក់មេម៉ាយ |
កូនឃើញតែម្ដាយ |
|
មិនឃើញអាពុក។ |
|
មានកាលស្លាប់ស្រី |
ស្លាប់ចោលកូនខ្ចី |
ប្ដីនៅរងទុក្ខ |
យកប្រពន្ធទៀត |
កំរពេញមុខ |
កូននិងអាពុក |
|
បែកគ្នាខ្ចាត់ខ្ចាយ។ |
|
កូនចៅស្រីៗ |
បើនឹងយកប្ដី |
កុំយកពោះម៉ាយ |
សូវនៅម្នាក់ឯង |
បន្លែងនឹងម្ដាយ |
អាណិតរូបកាយ |
|
ស្ដាយខ្លួនក្រមុំ។ |
|
១២៥ - ហៅប្រុសអភ័ព្វ |
ប្រពន្ធដើមស្លាប់ |
មានកូនតូចធំ |
យកឯងជាចុង |
បំរុងតែយំ |
ច្រើនឈ្លោះជំនុំ |
|
ព្រួយចិត្ដម៉ែឪ។ |
|
ហៅប្រុសចិត្ដពីរ |
ពិបាករកស៊ី |
រញាំរញ៉ូវ |
ឯងនឿយស្ទើរស្លាប់ |
ផ្គាប់ចិត្ដមិនត្រូវ |
បីបួនរដូវ |
|
ខ្លួនឯងស្លាប់ទៀត។ |
|
ចង្រៃខាងប្រុស |
កូនអើយចាំចុះ |
កុំយកខ្លួនបៀត |
ស្រីណាខំយក |
ស្រីនោះបង់មារយាទ |
ប្រុសព្រួយខ្ចប់ធាតុ |
|
ខ្ចប់គ្រប់ជាបី។ |
|
យកទៀតជាបួន |
គ្រោះដល់ស្លាប់ខ្លួន |
មេម៉ាយខាងស្រី |
ប្រាកដមិនខុស |
ប្រុសក្នុងលោកិយ |
ស៊ូនៅអត់ប្ដី |
|
ស្លាប់រស់រូបមួយ។ |
|
បើខ្លួនកំព្រា |
រំពឹងមីងមា |
រកស៊ីមិនព្រួយ |
កាន់មារយាទល្អ |
មិនក្រគេជួយ |
បងប្អូនកូនក្មួយ |
|
រត់ចូលឲ្យប្រើ។ |
|
១៣០ - ពោះម៉ាយមានបី |
កុំយកធ្វើប្ដី |
មិនគាប់ប្រសើរ |
អាមួយស្រីលែង |
ស្រីគេគ្រាន់បើ |
ពោះម៉ាយក្លាយដើរ |
|
អាងលែងប្រពន្ធ។ |
|
ពោះម៉ាយទាំងអស់ |
កុំយកឲ្យសោះ |
ហៅប្រុសទូរជន |
ទូរជាតិអប្រិយ |
ស្រីកើតទុក្ខធ្ងន់ |
ហៅមួយជំនាន់ |
|
ចំណាំមិនខុស។ |
|
កំលោះចាស់យូរ |
ចាស់ទុំគេប្ដូរ |
ល្មមព្រមយកចុះ |
រកស៊ីមានបាន |
សុខសាន្ដឥតឈ្លោះ |
ចំរើនរូបរស់ |
|
អាយុយឺនយូរ។ |
|
កុំយកប្ដីប្អូន |
ថោករាសីខ្លួន |
រកស៊ីមិនធូរ |
គេហៅឯងធំ |
សមហៅគេពូ |
ច្រើនខ្ជិលមូទូ |
|
ម៉េះម៉ស់នឹងល្បែង។ |
|
វាច្រើនមើលងាយ |
ហៅស្ដីនិយាយ |
ហៅហងហៅឯង |
ខ្លួនយើងជាស្រី |
ស្រដីឥតក្រែង |
យល់គេប្អូនឯង |
|
ឯងមើលងាយជេរ។ |
|
១៣៥ - ពាក្យចាស់លោកចង |
ប្ដីទុកស្មើបង |
ប្រពន្ធស្មើម៉ែ |
មើលងាយរាល់ថ្ងៃ |
ចង្រៃរាល់ខែ |
រកស៊ីធ្វើស្រែ |
|
ច្រើនខាតគ្រាប់ស្រូវ។ |
|
គួរយកប្ដីបង |
ពាក្យចាស់លោកចង |
ទុកប្ដីស្មើឪ |
ខ្លួនឯងប្រមាថ |
ប្រតិបត្ដិឲ្យត្រូវ |
រាសីគង់នៅ |
|
ទេព្រិក្សរក្សា។ |
|
ប្រពន្ធនិងប្ដី |
ធំស្រេចនឹងស្រី |
គត់គង់ភរិយា |
ឈ្លោះហើយច្រើនខ្សត់ |
ស្រីអត់លក្ខិណា |
ប្ដីខ្ជិលអុស្សាហ៍ |
|
ព្រោះរិកប្រពន្ធ។ |
|
ជាតិស្រីមានលក្ខណ៍ |
ទេវតាពុំនាក់ |
កបកើតទ្រព្យធន |
ប្រទេចជេរវាយ |
ចង្រៃទូរជន |
ជួរជាតិលើសលន់ |
|
លើសលុបលើប្រុស។ |
|
ហៅកាឡកិណី |
វាយកូនជេរស្ដី |
មិនដឹងត្រូវខុស |
បើមានភ្ញៀវមក |
រឹតរករឿងឈ្លោះ |
អសោចសាយសុស |
|
រង្គោះធនធាន។ |
|
១៤០ - រកស្រីមារយាទខ្ពស់ |
ចេះខ្ពើមពាក្យឈ្លោះ |
ចេះទ្រាំអត់ឃ្លាន |
ចេះស្លូតចេះកាច |
ចេះខ្លាចចេះហ៊ាន |
ចេះខ្មាសចេះអៀន |
|
កាចមានប្រាជ្ញា។ |
|
កូនចៅស្រីប្រុស |
ចំណាំទុកចុះ |
ទុកជាតំរា |
គួរយកតំរាប់ |
គួរស្ដាប់ពុទ្ធដិកា |
ព្រះអង្គទេសនា |
|
គាថាបួនបទ។ |
|
រៀនត្រាប់អ្នកប្រាជ្ញ |
បើចង់ឈ្នះកាច |
យកស្លូតសង្កាត់ |
ចង់ឈ្នះមនុស្សខឹង |
ឲ្យប្រឹងខំអត់ |
វាជេរវាហត់ |
|
វាស្បថលែងខឹង។ |
|
ចង់ឈ្នះអសុរោះ |
ស្ដីលេងឡេះឡោះ |
កុំធ្វើជាដឹង |
យើងស្ដីត្រង់ណា |
ឲ្យចំត្រង់ហ្នឹង |
ឃើញរិកយើងរឹង |
|
ខ្លាចយើងខាងក្រោយ។ |
|
ចង់ឈ្នះកំណាញ់ |
ក្រដេក្រដាញ់ |
សុំអ្វីមិនឲ្យ |
បើបានចំណី |
ហុចវាញយៗ |
តិចដោយច្រើនដោយ |
|
ក្នុងតែវាដឹង។ |
|
១៤៥ - នេះមន្ដព្រះពុទ្ធ |
ប្រាជ្ញាឲ្យមុត |
ឲ្យគិតថ្លែងថ្លឹង |
កុំកាចខុសខ្នាត |
កើតខាតដ្បិតខឹង |
កូនអើយខំប្រឹង |
|
កាន់ច្បាប់ទាំងបួន។ |
|
កុំជួញរវល់ |
កុំតបតទល់ |
កើតទាស់គុំគួន |
កូនណាកាន់បាន |
កូននោះសុខខ្លួន |
ទោសទាស់លែងជួន |
|
លែងជួបមួយជាតិ។ |
|
បើមនុស្សរែកទូល |
មកនៅចំណូល |
ញ៉េះញ៉ាស់ធ្វើញាតិ |
ឲ្យមើលលៃលក |
កុំយកខ្លួនបៀត |
វាទូលទៅទៀត |
|
អសារឥតការ។ |
|
ចំណីចំណុក |
បើឲ្យស៊ីចុក |
ឲ្យដោយមេត្ដា |
កុំឲ្យជឿខ្ចី |
ក្រែងខុសសន្យា |
កើតទាស់កាលណា |
|
រើរែករត់បាត់។ |
|
មនុស្សគ្មានកន្លែង |
ខុសពីមារយាទឯង |
មិនប្រុងប្រយ័ត្ន |
តាមទាន់តឹងទារ |
វាខឹងក្ដៅក្ដាត់ |
គុំគួនដោយស្ងាត់ |
|
បំភ្លាត់ឯងបាន។ |
|
១៥០ - ហេតុនេះគួរគិត |
គួរកូនពិនិត្យ |
ច្បាស់សុំរាប់អាន |
គួរឲ្យសុំឲ្យ |
គួរខានឲ្យខាន |
ត្បិតពាក្យបុរាណ |
|
មានពីរចំណែក។ |
|
ចងទុកជាក្បួន |
ចិត្ដល្អក្រខ្លួន |
នេះពាក្យមួយប៉ែក |
មួយទៀតចិត្ដល្អ |
មិនក្រយូរពេក |
ឆ្នាំនេះឆ្នាំ(ស្អែក?) |
|
ក្នុងតែនឹងមាន។ |
|
ចិត្ដល្អក្រខ្លួន |
ចាំទុកជាក្បួន |
ជាក្បាលនិទាន |
ឃើញអ្នកទុរគត |
កំសត់អត់ឃ្លាន |
មិនស្គាល់ពោះវៀន |
|
ហ៊ានឲ្យជឿខ្ចី។ |
|
ទៅទារមិនឲ្យ |
តឹងតឿនញយៗ |
ខឹងប្ដឹងកើតក្ដី |
ខាតទាំងទ្រព្យចាស់ |
អស់ទាំងទ្រព្យថ្មី |
ស្គមគោក្របី |
|
រវល់ក្ដីខាន់ថែ។ |
|
ចិត្ដល្អមួយទៀត |
មេត្រីជាញាតិ |
សំដីខ្ចីស្រែ |
បានស្រូវស៊ីស្កប់ |
ត្រលប់កាច់កែ |
រំលងឆ្នាំខែ |
|
ដកហូតមិនបាន។ |
|
១៥៥ - ឯងប្ដឹងវា ត |
ក្ដីទាល់តែក្រ |
អស់ឆ្នាំងអស់ចាន |
របស់ក៏ខាត |
របរក៏ខាន |
ដឹងអស់ប៉ុន្មាន |
|
ទំរាំចាញ់ឈ្នះ។ |
|
ទ្រព្យធនអ្វីៗ |
ចងការជឿខ្ចី |
មើលមុខឲ្យច្បាស់ |
កុំចោលច្បាប់ខ្មែរ |
កុំភ្លេចច្បាប់ព្រះ |
តាមតែប្រទះ |
|
ប្រទាញសងខាង។ |
|
ចាំចិត្ដកណ្ដាល |
បើនឹងឈឺឆ្អាល |
សប្បុរសមើលយ៉ាង |
រៀនស្លូតរៀនប្រាជ្ញ |
កាចកុំក្អេងក្អាង |
ក្រែងគ្រោះសំណាង |
|
ខ្មោចខាងវាស្អប់។ |
|
ល្អមិនក្រយូរ |
ស្វែងរៀនរកគ្រូ |
ស៊ូកុំស្ដាយទ្រព្យ |
គ្រូវាយកុំខឹង |
ឲ្យប្រឹងខំផ្គាប់ |
ចេះមន្ដសាយសព្វ |
|
ត្រលប់ជាមាន។ |
|
ធម្មតាអ្នកចេះ |
អ្នកស្វែងចំណេះ |
ចេះដ្បិតខំរៀន |
ឆ្លាក់គូរក្បូរក្បាច់ |
សាច់សិល្ប៍របៀន |
អ្នកខ្សត់អត់ឃ្លាន |
|
ព្រោះចិត្ដអាក្រក់។ |
|
១៦០ - ខូចខិលល្ងង់ខ្លៅ |
គ្រូជេរប្រដៅ |
ខឹងលបសំលក់ |
របេញរបុញ |
ភូតភរកុហក |
ស៊ូប្លន់លួចឆក់ |
|
មិនខំធ្វើស្រែ។ |
|
អ្នកប្លន់អ្នកលួច |
ឆក់បានតិចតួច |
បានគ្រាន់បើដែរ |
ដល់គេឃើញមុខ |
ត្រូវគុកច្រើនខែ |
អាក្រក់ដល់ម៉ែ |
|
ខូចកេរ្ដិ៍ដល់ឪ។ |
|
ចង់ខ្ពស់បានទាប |
ចចើងចង់លាភ |
រែងបាត់ធនទៅ |
ពាក្យពីបូរាណ |
លោកអានតំរូវ |
រិកមនុស្សឥឡូវ |
|
ត្រូវតាមតំរាយ។ |
|
អ្នកលួចអ្នកប្លន់ |
ចង់បានប្រពន្ធ |
ចេញជួញស្រុកឆ្ងាយ |
ទិញងារមេស្រុក |
សូកធ្វើចៅហ្វាយ |
ចង់ថ្កើងសប្បាយ |
|
ចាយប្រាក់រាជការ។ |
|
ឆបាំងបំបាត់ |
លួចបានដោយស្ងាត់ |
អាងមានប្រាជ្ញា |
ក្រលេកថ្នាំងដៃ |
កាលៃបោះត្រា |
ទាស់ភ្នែកទេវតា |
|
រក្សាផែនដី។ |
|
១៦៥ - មួយទៀតទូរជន |
ធ្វើបាបបានបុណ្យ |
គឺបុណ្យមន្រ្ដី |
ទោសទៅចងចាប់ |
កាប់ឥតប្រណី |
បានបុណ្យមន្រ្ដី |
|
ព្រោះបុណ្យធ្វើបាប។ |
|
អំពើទាំងអស់ |
កុំសាងឲ្យសោះ |
ចៀសវាងដរាប |
កាន់សីលព្រះពុទ្ធ |
ឱនលុតឱនក្រាប |
បើក្រដុនដាប |
|
មានទេវតាជួយ។ |
|
កូនអើយទេវតា |
ស្ថិតសព្វព្រឹក្សា |
រងោករងួយ |
មនុស្សទ្រូស្ដឫ្យា |
ឯណានិមួយ |
ទេវតាពុំជួយ |
|
ចំណាំស្គាល់មុន។ |
|
មិនដែលកំបាំង |
រាជការបារាំង |
គេចាប់ដាក់គុក |
ដល់ខ្លួនស្លាប់ទៅ |
នៅរងសោយទុក្ខ |
សោយទោសនរក |
|
ទាំងពីរកន្លែង។ |
|
នរកបារាំង |
មានខ្សោយមានខ្លាំង |
មានខ្លីមានវែង |
នរកយម្ភបាល |
គេផ្ចាលឥតក្រែង |
ព្រះអង្គសំដែង |
|
ថាលានកោដិឆ្នាំ។ |
|
១៧០ - ហេតុនេះគួរវាង |
គួរចាលគួររាង |
គួរចងគួរចាំ |
គួរកុំធ្វើបាប |
ដរាបខ្លាចកម្ម |
គួរកាន់សីលប្រាំ |
|
បណ្ដាំសាសនា។ |
|
ហៃកូនចៅអើយ |
ក្រលាប់អស់ហើយ |
មិនដូចដូនតា |
ភ្លៀងជនខែប្រាំង |
រាំងខែវស្សា |
ឆ្នាំវករកា |
|
ត្រីស័កនេះឯង។ |
|
រនោចផល្គុន |
រកាពីមុន |
ឯកស័កជាក់ស្ដែង |
ក្នុងខ្នើតផល្គុន |
ជនគ្រប់កន្លែង |
ទាំងគេទាំងឯង |
|
ធ្វើស្រែមិនបានផល។ |
|
ឆ្នាំរោងឆស័ក |
វិសាខភ្លៀងធ្លាក់ |
ពីររោចសំគាល់ |
យប់ថ្ងៃអាទិត្យ |
ងងឹតព្យុះខ្យល់ |
ភ្លៀងជន់ពេញថ្នល់ |
|
ពេញវាលតូចធំ។ |
|
ពេញអូរពេញជ្រោះ |
ដើមឈើទាបខ្ពស់ |
រលុះរលំ |
ឫ្សីស្រុកយើង |
រលើងទាំងគុម្ព |
ទើបគ្រាប់វាផ្ដុំ |
|
ផ្ដួចដុះជាថ្មី។ |
|
១៧៥ - ឆ្នាំចកុរជូត |
រាំងរីងរហូត |
គ្រប់ឆ្នំាទាំងបី |
កើតទាំងជំងឺ |
ស្លាប់មនុស្សប្រុសស្រី |
ខាលថោះអស់ភ័យ |
|
ធ្វើស្រែស្រូវបាន។ |
|
ភ្លៀងឆ្នាំម្សាញ់ |
រលីងក្បាលក្រាញ់ |
ត្រូវតាមបុរាណ |
កត្ដឹកជន់វាល |
រាលសព្វស្មសាន |
អ្នកស្ទឹងប៉ុន្មាន |
|
រលួយស្រូវអស់។ |
|
ដាច់ថ្នល់ខានដើរ |
រាជការគេប្រើ |
ទាំងចាស់កំលោះ |
មមែរងកម្ម |
បញ្ចាំកេរ្ដិ៍កោះ |
គ្មានអ្វីស៊ីសោះ |
|
ដាច់ពោះក្សិណក្ស័យ។ |
|
ខែចែត្រឆ្នាំវក |
ស្រលះពពក |
កើតមានសម័យ |
ជាហេតុអស្ចារ្យ |
សុរិយាល្ងាចថ្ងៃ |
អុត្បាតង្រៃ |
|
ឃើញសត្វអ្វីហោះ។ |
|
ពីជើងទៅត្បូង |
ចាស់ក្មេងមើលច្រូង |
បានឃើញទាំងអស់ |
មើលមិនស្គាល់ជាក់ |
ធ្លាក់ចំចន្លោះ |
បាត់ឈឹងសូន្យសោះ |
|
មិនដឹងទៅណា។ |
|
១៨០ - កាលមុននោះមក |
ខែបុស្សឆ្នាំវក |
លែងមានប្រាជ្ញា |
មានតែមេស្រុក |
វាស់បែងក្រឡា |
ដីមួយហិតា |
|
ត្រូវសែសឹបថាំង។ |
|
រង្វាន់មេស្រុក |
ត្រូវហូតមួយទុក |
ដប់ជូនបារាំង |
ទៅដល់ប៊ុយរ៉ូ |
បង្ហូរដាក់ឃ្លាំង |
ពូជពីរកន្ដាំង |
|
ក៏ជាប់ពន្ធដែរ។ |
|
គ្មានធូរគ្មានតឹង |
កូនអើយខំប្រឹង |
ជាតិឯងជាខ្មែរ |
ក្មេងប្រុសជំទង់ |
នៅក្នុងឪម៉ែ |
រាជការប្រិតប្រែ |
|
ថាឲ្យបង់ប្រាក់។ |
|
កូនចៅប្រុសស្រី |
កើតមកលើដី |
ខំរកលុយកាក់ |
បានហើយប្រឹងខំ |
ផ្សំគ្នាទុកដាក់ |
គ្រាន់ទិញស្លៀកពាក់ |
|
បង់ថ្លៃរាជការ។ |
|
ភទ្របទឆ្នាំច |
ចាប់គោខ្មៅស |
ដុតដែកបោះត្រា |
ដល់កុរជូតឆ្លូវ |
តំរូវយ៉ាងណា |
នឹងកើតអស្ចារ្យ |
|
រហូតរាល់ឆ្នាំ។ |
|
១៨៥ - នគរថ្កើងប្លែក |
សប្បាយតែភ្នែក |
ក្នុងចិត្ដរងកម្ម |
កូនប្រុសបណ្ដាច់ |
កុំភ្លេចបណ្ដាំ |
កប្បាសសូត្រថ្នាំ |
|
ត្រីម៉ាំលែងថោក។ |
|
ដូងស្លាអំពៅ |
អំបិលស្ករស្រូវ |
មានទៅមានមក |
មានចុះមានឡើង |
រាស្រ្ដយើងល្មមយក |
ល្មមរេលៃលក |
|
គួរយកគួរខាន។ |
|
កប្បាសនិងថ្នាំ |
គួរដាស់ដីដាំ |
ធ្វើដៃឯងបាន |
កុំអាងខ្ជិលពេក |
កុំដេកឈប់ខាន |
កុំចោលបុរាណ |
|
ម៉ែឪដូនតា។ |
|
ដីកេរគរគោក |
កុំអាងខ្ជិលជោក |
ទៅឈ្ងោកចិនផ្សារ |
កូនចៅស្រីៗ |
ខំរៀនធ្វើការ |
បើគ្មានប្រាជ្ញា |
|
មានមាត់ចេះស្ដី។ |
|
ឲ្យសួរចាស់ៗ |
រៀនបោះកប្បាស |
ថ្ពេចមូរសំលី |
រៀនកូតរៀនការ |
ត្រសារពាត់រវៃ |
ហូលគោមគាតក្ដី |
|
កុំបីចន្លោះ។ |
|
១៩០ - រៀនថ្កររៀនត្បាញ |
ឲ្យចាស់បង្ហាញ |
បង្ហាត់ទាំងអស់ |
សំពត់បែបងាយ |
លាយសូត្រអំបោះ |
កុំទិញគេសោះ |
|
ឈ្មោះការជាស្រី។ |
|
ទិញដូរតែលាក់ |
អញ្ជុលចេសចាក់ |
ព្រហូតជាបី |
ធ្មេញឈើឈ្នាន់ផ្សំ |
ក្ដារមូរក្ដារកី |
ត្រល់ខ្នារឫ្សី |
|
មុខប្ដីជាប្រុស។ |
|
តាំងពីឆ្នាំច |
ការអ្វីក្រៗ |
ខំរៀនទៅចុះ |
ទាន់មានចាស់នៅ |
ស្គាល់ត្រូវស្គាល់ខុស |
ចាស់ស្លាប់រលស់ |
|
គ្មានមនុស្សចេះដឹង។ |
|
រកស៊ីឲ្យញឹក |
ដេកយប់រលឹក |
រឹតក្បិនឲ្យតឹង |
បើភ្ញាក់កាលណា |
កាន់ការកាលនឹង |
កូនអើយខំប្រឹង |
|
ទាំងប្រុសទាំងស្រី។ |
|
រមៀតស្លឹកគ្រៃ |
ជីរម្ទេសខ្ទឹមខ្ញី |
មានដីដាំចុះ |
ដាំដើមអ្វីៗ |
ចំណីគ្រប់ឈ្មោះ |
គ្រឿងស៊ីឆ្អែតពោះ |
|
ជុះចោលទទេ។ |
|
១៩៥ - ជុះទិសខាងជើង |
ជុះដាក់ដីយើង |
កុំជុះដីគេ |
កុំជុះដាក់ផ្លូវ |
ត្រូវមាត់ក្មេងជេរ |
ដីសល់ទំនេរ |
|
ល្មមមាត់ជុះទៅ។ |
|
សក់មួយជាដប់ |
ជ្រៀតសិតឲ្យសព្វ |
កុំឲ្យសល់នៅ |
បើប្រាជ្ញារាក់ |
ចាក់ចិត្ដឲ្យជ្រៅ |
ដាំចេកអំពៅ |
|
ដូរស្រូវអង្ករ។ |
|
កើតមកជាមនុស្ស |
មួយព្រួយចង់រស់ |
មួយព្រួយចង់ល្អ |
ពីនេះជាធំ |
វានាំឲ្យក្រ |
ចាំជាតំណ |
|
តជាទំនុក។ |
|
មនុស្សមារយាទមិនប៉ិន |
កូននៅខ្ញុំចិន |
ព្រោះម្ដាយឪពុក |
ធ្វើស្រែមិនត្រូវ |
គ្មានស្រូវជង្រុក |
កូនអើយចាំទុក |
|
នេះមុខមេក្រ។ |
|
មេ១ជាធំ |
កំលោះក្រមុំ |
ស្លៀកពាក់ចង់ល្អ |
បើបានបែបខ្មៅ |
ថានៅបែបស |
ទើបគ្រាន់អន់ក្រ |
|
ត្រដរចង់ថ្កើង។ |
|
២០០ - ក្រលាប់នគរ |
រឹងរឹតកើតចោរ |
ច្រើនឡើងច្រើនឡើង |
ពាលរឹងក្រអើត |
ចើតម៉ើតចើតម៉ើង |
ក្រដាស់យ៉ាងស្ដើង |
|
ចាយរហែកនៅដៃ។ |
|
ប្រាក់ចាយអស់ទៅ |
ព្រោះមនុស្សឥឡូវ |
អុត្បាតចង្រៃ |
ជាតិខ្មែរប្រែភេទ |
ក្រលែតក្រលៃ |
ក្រលាស់សាសន៍សៃយ |
|
សព្វសត្វនានា។ |
|
ជាតិខ្មែរប្រែខុស |
ស្រីក្លែងធ្វើប្រុស |
ប្រុសក្លែងធ្វើជ្វា |
យកប្ដីប្រពន្ធ |
មិនស្គាល់មីងមា |
បុណ្យទានការងារ |
|
កាប់គ្នាឥតក្រែង។ |
|
ល្ងង់រិកធ្វើចេះ |
គោចងត្រដោកសេះ |
ប្រុសៗដុះស្នែង |
ស្រីពាក់អាវខ្លី |
ប្រុសពាក់អាវវែង |
សារុងហៀរកែង |
|
ធ្វើឯងអ្នកគ្រាន់។ |
|
កាន់ចិត្ដសីហលោ |
សេះទឹមនឹងគោ |
ចាក់ហ៊ោលាន់ៗ |
រកស៊ីមួយថ្ងៃ |
ចង់បានមួយពាន់ |
បរគោជល់មាន់ |
|
ចាក់កាប់ជាប់គុក។ |
|
២០៥ - រីល្បែងបៀប៉ោ |
ច្រើនទៅជាចោរ |
ប្រកាសហាមទុក |
ចូរកូនប្រយ័ត្ន |
ប្រយោជន៍ទៅមុខ |
ចាំជាទំនុក |
|
ដំណកូនចៅ។ |
|
អ្នកកុំប្រហែស |
រាជការនិរទេស |
កំចាត់ចេញទៅ |
រាជការអាណិត |
ខំប្រិតប្រដៅ |
កុំលោភល្ងង់ខ្លៅ |
|
ថោកផៅត្រកូល។ |
|
ប្រយ័ត្នក្រែងក្រ |
ផ្លូវច្បាប់ល្អៗ |
អ្នកខំប្រមូល |
ផ្លូវវៀចអាក្រក់ |
អ្នកកុំដើរចូល |
ហៅផ្លូវមិនស្រួល |
|
លង់ផុតគំនិត។ |
|
ដើរផ្លូវកណ្ដាល |
ស្រលាញ់ស្និតស្នាល |
ឈឺឆ្អាលដោយពិត |
មគ្គផលសីលទាន |
ឈានចូលឲ្យជិត |
យកធម៌ជាមិត្រ |
|
មិនឥតអំពើ។ |
|
មនុស្សម្នាក់ច្រើនឆោត |
ច្រើនគ្មានគេកោត |
ឈឺគ្មានគេមើល |
ស្លាប់ឥតគេព្រួយ |
គេជួយទាំងស្ទើរ |
មិនដែលឡើងលើ |
|
ច្រមុះចុះក្រោម។ |
|
២១០ - កូនចៅស្រីៗ |
ក្រមុំសាវខ្ចី |
រៀនឆោតឲ្យល្មម |
ប្រុសស្មើម៉ែឪ |
ឆូវឆប្រលោម |
មើលរូបមើលឆោម |
|
កុំព្រមដោយងាយ។ |
|
កុំក្និចក្នក់ក្នាញ់ |
បើចិត្ដស្រលាញ់ |
កុំចេញនិយាយ |
បើស្អប់កុំប្ដឹង |
បើខឹងកុំធ្លាយ |
កុំរោះកុំរាយ |
|
កុំងាយធ្វើស្និទ្ធ។ |
|
កុំដើរប្រាប់គេ |
កុំអាងអួតជេរ |
ក្រែងប្រុសឈឺចិត្ដ |
នៅឲ្យតែនឹង |
កុំរវល់ធ្វើស្និទ្ធ |
ប្រុសនឹងអាណិត |
|
គិតចូលដណ្ដឹង។ |
|
បើម៉ែឪឲ្យ |
មើលមុខមើលក្រោយ |
អាក្រក់ខ្មៅឆ្អឹង |
ប្រកែកដោយស្ងាត់ |
កុំខ្លាចម្ដាយខឹង |
កើតកូនមកតឹង |
|
ពិបាកចាយណាស់។ |
|
កុំឃ្លានចំណី |
កុំខ្លាចអត់ប្ដី |
កុំភ័យខ្លាចចាស់ |
មើលមុខឯងផង |
កុំរើសឥតខ្មាស |
ខ្លួនល្អស្រលះ |
|
មិនខ្វះគេស្ដី។ |
|
២១៥ - បើបានជាខូច |
ទាន់ផើមនៅតូច |
ខែពីរខែបី |
រវៀសឆ្លើយប្រញាប់ |
ប្រាប់គ្នាស្រីៗ |
កុំលាក់ធ្វើអី |
|
ក្នុងតែគេដឹង។ |
|
កុំមាយាបេះក្រូច |
មារយាទចេះតែខូច |
មាត់ចេះតែខឹង |
គេថាត្រង់ណា |
ជេរគេត្រង់ហ្នឹង |
ជេរហើយខំប្រឹង |
|
យកថ្មសង្កត់។ |
|
រំលាយរំលូត |
អាក្រក់តែគូទ |
អួតល្អតែមាត់ |
មានគេឃើញច្បាស់ |
ម្នះរឹងហ៊ានស្បថ |
ទោសនេះនឹងភ្លាត់ |
|
ធ្លាក់ទៅអវចី។ |
|
ចោរកាចល្ងង់ខ្លៅ |
ប្រាជ្ញប្រាមប្រដៅ |
ហៅបារាជិកស្រី |
មេបាគេកាច់ |
ស្លាប់ពីរស្លាប់បី |
រំលូតកូនខ្ចី |
|
ស្មើរំលាយព្រះ។ |
|
មានកាលមានក្ស័យ |
ខ្វិនជើងខ្វិនដៃ |
កខ្វេះកខ្វាស |
ខ្វាក់ភ្នែកអន្ធការ |
អនិច្ចារូបណាស់ |
អាក្រក់កេរ្ដិ៍ខ្មាស |
|
តកូនតចៅ។ |
|
២២០ - អសោចសុសសាយ |
សុសសព្វដល់ម្ដាយ |
ដល់ពូជពង្សផៅ |
ស្លាប់ទៅរងទុក្ខ |
នរកឋានក្រៅ |
គេស្រុះទឹកក្ដៅ |
|
ស្លាប់ទៅរស់ទៀត។ |
|
ស៊ីខ្ទះឈាមឯង |
ព្រះអង្គសំដែង |
ថាម៉ឺនសែនជាតិ |
ឡើងមកជាប្រេត |
ហេតុកម្មមិនឃ្លាត |
អត់ឃ្លាតគ្មានញាតិ |
|
ហែកកូនឯងស៊ី។ |
|
ព្រះពុទ្ធលែងប្រោស |
ធម៌លែងសន្ដោស |
សោយទុក្ខវក់វី |
ហេតុចិត្ដឫ្យា |
មិច្ឆាទិដ្ឋី |
កើតជាជ្រូកញី |
|
គេគ្រៀវគេចាក់។ |
|
អសង្ខេយ្យឆ្នាំ |
ហេតុផលសេសកម្ម |
កើតជាមនុស្សខ្វាក់ |
មនុស្សខ្វិនទ្រែមទ្រម |
ជាគមជាគាក់ |
ខ្ទើយឆ្កួតអបលក្ខណ៍ |
|
ជាអ្នកឥតប្ដី។ |
|
បើម្ដាយជួយព្រួត |
ជួយនាំរំលូត |
រំលាយកូនខ្ចី |
នរកប្រេតព្រមគ្នា |
មិនឃើញរស្មី |
ត្បិតចិត្ដតិរ្ថិយ |
|
ទាំងម្ដាយទាំងកូន។ |
|
២២៥ - ហេតុនេះគួរខ្លាច |
ធម្មតាចោរកាច |
មិនដែលស្ងាត់សូន្យ |
អសោចកេរ្ដិ៍ឈ្មោះ |
ទាំងអស់បងប្អូន |
មេបាតាដូន |
|
កាត់កាលលែងរាប់។ |
|
គួរប្រុងអិរិយា |
កើតទាន់សាសនា |
ហៅមហាមានភ័ព្វ |
ទាំងស្រីទាំងប្រុស |
កុំបីឲ្យធ្លាប់ |
គួរខំរៀនផ្គាប់ |
|
បរលោកលោកិយ។ |
|
ឯខុសនឹងគាប់ |
បើនឹងរៀបរាប់ |
រាល់រូបប្រុសស្រី |
គាប់ខុសនៅចិត្ដ |
ខុសគាប់នៅស្ដី |
គំរប់ជាបី |
|
ខុសត្រូវនៅកាយ។ |
|
កូនប្រុងប្រព្រឹត្ដ |
ការកេរ្ដិ៍ឲ្យជិត |
គំនិតឲ្យឆ្ងាយ |
កើតមកជាខ្មែរ |
កុំប្រែក្លែងក្លាយ |
ធម្មតាសប្បាយ |
|
វាតែងឲ្យទុក្ខ។ |
|
ឲ្យទោសឲ្យទែង |
ទាស់តែម្នាក់ឯង |
ដល់ម្ដាយឪពុក |
រីឯរឿងទោស |
មានតែពីរមុខ |
មួយនៅនរក |
|
មួយនាលោកិយ។ |
|
២៣០ - លោភោទោសោ |
កើតពីមោហោ |
រាល់រូបប្រុសស្រី |
គួរកាន់មេត្ដា |
កតញ្ញូខន្ដី |
នេះជាបាលី |
|
ទៅកាន់បរលោក។ |
|
ពាក្យពិតប្រដៅ |
ឲ្យអស់កូនចៅ |
ប្រព្រឹត្ដរៀនយក |
កូនណាមិនរៀន |
កូននឹងមារយាទថោក |
នឹងធ្លាក់ជ្រុលជ្រក |
|
ក្នុងចតុបារាយ។ |
|
ធំស្រេចនៅស្លូត |
សុខខ្លួនរហូត |
ដរាបវែងឆ្ងាយ |
ខន្ដីអំណត់ |
សង្កត់ក្នុងកាយ |
ជាតិជនទាំងឡាយ |
|
កំរកាន់បាន។ |
|
ចេះហើយមិនដឹង |
ចិត្ដនៅម្នះរឹង |
ប្រឹងរកកម្មដ្ឋាន |
រកធម៌មិនយល់ |
ខ្ជិលខ្វល់ឈប់ខាន |
បន្ទោសបុរាណ |
|
ថាគ្មាននិស្ស័យ។ |
|
រីបាបនិងបុណ្យ |
មានចិត្ដជាមុន |
មាត់ជាបច្ច័យ |
នាំចុះនាំឡើង |
ពីជើងពីដៃ |
សន្សំសព្វថ្ងៃ |
|
ឈ្មោះហៅសំណាង។ |
|
២៣៥ - កើតក្នុងលោកិយ |
រាល់រូបប្រុសស្រី |
មានចិត្ដមានអាង |
កុសលអកុសល |
ប្រទាញសងខាង |
រូបនៅតេងតាង |
|
តែងតាមទៅមក។ |
|
មគ្គផលសីលទាន |
បើល្ងង់ឲ្យរៀន |
បើគ្មានឲ្យរក |
យល់ល្អសាងស្អាត |
សង្វាតជ្រៀតជ្រក |
ជ្រើសរើសរៀនរក |
|
រក្សារូបកាយ។ |
|
នេះជាហៅច្បាប់ |
ជាទីសណ្ដាប់ |
សណ្ដានទាំងឡាយ |
កូនចៅប្រុសស្រី |
កុំបីនឿយណាយ |
សង្ខេបបរិយាយ |
|
និដ្ឋិតំចែងចប់។ |
|
អ្នកព្រះភិរម្យ |
អាចារ្យង៉ុយខ្ញុំ |
បង្គំម្រាមដប់ |
លើសលស់ឆ្គាំឆ្គង |
រំលងពុំគាប់ |
ពុំគួរសមសព្វ |
|
សុសសាយសេចក្ដី។ |
|
កាយកម្មវចីកម្ម |
ឈ្មោះច្បាប់បណ្ដាំ |
កូនចៅប្រុសស្រី |
ជាបរមត្ថក្រៅ |
មិនហៅបាលី |
បរលោកលោកិយ |
|
ទាំងពីរកន្លែង។ |
|
២៤០ - បើលោកឯណា |
ចេះចាំធម៌អាថិ |
ប្រាកដជាក់ស្ដែង |
ឃើញខុសត្រង់ណា |
កុំថាជាល្បែង |
ដ្បិតពាក្យខ្ញុំតែង |
|
ឲ្យក្មេងវាភ័យ។ |
|
មិនមែនភរភូត |
កុំថាខ្ញុំអួត |
ប្រាជ្ញាខ្ញុំវៃ |
ឃើញមនុស្សវង្វេង |
ខ្ញុំតែងច្បាប់ថ្មី |
អស់អាថិសេចក្ដី |
|
អេវំចប់ហោង។ |
|
ឯកសារយោង
No comments:
Post a Comment